អ្នកស្រុកនៅរដ្ឋ មីននេសូថា (Minnesota) របស់សហរដ្ឋអាមេរិក បានសម្តែងមតិចម្រុះរបស់ពួកគេកាលពីថ្ងៃអង្គារ (០៦ សីហា) ក្រោយលោកអភិបាលរដ្ឋ ធីម វ៉លស៍ (Tim Walz) ត្រូវបានជ្រើសរើសដោយលោកស្រី Kamala Harris ជាបេក្ខភាពអនុប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយអ្នកខ្លះនិយាយថាពួកគេមានមោទនភាព និងរីករាយខ្លាំង ហើយអ្នកផ្សេងទៀតនិយាយខុសពីនេះ។

អ្នកស្រុកម្នាក់ឈ្មោះ ចូ ខែលលី (Joe Kelley) បានសម្តែងការរំភើបចិត្តចំពោះលោក Walz ដោយនិយាយថា៖ យើងគិតថាវាពិតជាអស្ចារ្យណាស់ដែលរដ្ឋរបស់យើងលេចឡើងក្នុងការប្រជែងតំណែងសេតវិមាន។ គ្រូបង្រៀនម្នាក់បាននិយាយថាខ្លួនមានមោទនភាពណាស់ដែលលោក Walz ដែលត្រូវបានជ្រើសរើសជាដៃគូរបស់លោកស្រី Harris ប៉ុន្តែបានគូសបញ្ជាក់ពីផ្នែកដែលត្រូវការការកែលម្អ ជាពិសេសទាក់ទងនឹងសុខុមាលភាព និងការអប់រំរបស់កុមារ។

ជាមួយគ្នានេះ ពាណិជ្ជករម្នាក់នៅក្នុងរដ្ឋនេះបានរិះគន់ការគ្រប់គ្រងរបស់លោក Walz ក្នុងពេលជំងឺរាតត្បាតកូវីដ១៩។ អ្នកផ្សេងទៀតនិយាយថា លោក Walz ខិតខំធ្វើកិច្ចការជាច្រើនដើម្បីឱ្យរដ្ឋរីកចម្រើន ខណៈអ្នកខ្លះនិយាយថាលោកមិនមែនជាជម្រើសយុទ្ធសាស្ត្រដ៏ឆ្លាតវៃសម្រាប់លោកស្រី Kamala ទេ។
បេក្ខភាពប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Harris បានប្រកាសជ្រើសរើសលោក Walz ជាដៃគូសម្រាប់ការប្រជែងតំណែងសេតវិមានរបស់ខ្លួន ដោយសារលោកមានបទពិសោធន៍ប្រតិបត្តិ ការបម្រើយោធា និងកំណត់ត្រាឈ្នះការគាំទ្រពីអ្នកបោះឆ្នោតជនជាតិស្បែកសនៅជនបទ ដែលធ្លាប់បានគាំទ្រលោក Donald Trump ជាច្រើនឆ្នាំមកនេះ៕