ភ្នំពេញ ៖ លោក ITTHIPHOL KUNPLOME រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ បានសន្យាថា លោក នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធ នឹងគម្រោងសាងសង់ប្រាសាទបុរាណមួយនៅខេត្តបូរីរាំប្រទេសថៃ ហើយមានរចនាបែបបទដូចប្រសាទអង្គរវត្តរបស់ខ្មែរ ស្របទៅតាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាឲ្យបានឆាប់រហ័សនាពេលខាងមុខនេះ។
ការសន្យារបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃប្រទេសថៃនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីក្រុងបាងកកប្រទេសថៃ ក្នុងអំឡុងពេលដែលឯកឧត្តម បានបំពេញទស្សនកិច្ចនៅប្រទេសភូមិផងរបងតែមួយនេះក្នុងគោលបំណង ពង្រឹងទំនាក់ទំនងក្នុងវិស័យរប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ)ឲ្យកាន់តែល្អប្រសើបន្ថែមទៀតនោះ។ ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនោះឯកឧត្តមបានពិភាក្សាគ្នាជាច្រើនជាមួយភាគីថៃទាក់ទងនឹងវិស័យទេសចរណ៍ និងវិស័យវប្បធម៌ ខណៈប្រទេសទាំងពីរមានសិល្បៈវប្បធម៌ស្រដៀងគ្នា។ ឯកឧត្តមបានបន្តថា នៅក្នុងកិច្ចជំនួបនោះរដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ បានសន្យាថា «នឹងជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធនឹងគម្រោង សាងសង់ប្រាសាទថៃមានរចនាបែបប្រសាទអង្គរវត្ត ជូនភាគីកម្ពុជាឲ្យបានឆាប់បំផុតតាមការស្នើសុំរបស់ក្រសួងវប្បធម៌កម្ពុជានាពេលកន្លងមកនោះ»។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងវប្បធម៌ថៃដែលតែងសហការល្អ និងចូលរួមសម្តែងសិល្បៈវប្បធម៌រួមគ្នាក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា ជាពិសេស វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានលើកជាសំណើជូន រដ្ឋមន្ត្រីវប្បធម៌ថៃពាក់ព័ន្ធការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីរាជការកម្ពុជាលើជំនាញគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍វប្បធម៌ ដោយប្រទេសទាំងពីរមានប្រវត្តិសាស្រ្តក្នុងភាពជាបងប្អូន និងមិត្តភក្តិស្និទ្ធស្នាលគ្នាតាំងពីយូរលង់ណាស់មកហើយ ហើយចំណងមិត្តភាពនេះនឹងកាន់តែស្អិតរមួតបន្ថែមទៀតទៅអនាគតផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរលោក ITTHIPHOL KUNPLOME រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានកោតសរសើរ វីរៈភាព និងភាពឈ្លាសវៃនាការដឹកនាំប្រទេសប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ហើយជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អទាំងបច្ចុប្បន្ន និងទៅអនាគតលើការបណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរ ជាពិសេស ការរួមគ្នាជំរុញ និងបង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ៕អត្ថបទ ៖ ចក់





