រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡា លោក វ្ល៉ាឌីមៀ ប៉ាឌ្រីណូ (Vladimir Padrino) បានប្ដេជ្ញាថា កងទ័ពរបស់ប្រទេសនឹងរក្សា «ភាពស្មោះត្រង់យ៉ាម៉ឺងម៉ាត់» ចំពោះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលលោកត្រូវបានប្រកាសថាបានទទួលជ័យជម្នះ។

លោក Padrino បាននិយាយកាលពីថ្ងៃអង្គារ (០៦ សីហា) ក្នុងសុន្ទរកថាតាមទូរទស្សន៍រដ្ឋថា៖ «យើងផ្តល់សច្ចាប័នចំពោះភក្ដីភាពទាំងស្រុងរបស់យើងចំពោះជាតិ និងចំពោះប្រធានាធិបតី Nicolás Maduro» ។ លោកបានបន្ថែមថា «ការអំពាវនាវដែលមិនសមហេតុផល និងផ្ដេសផ្ដាស់ទាំងឡាយ គ្រាន់តែចង់បំបែកការរួបរួម និងស្ថាប័នរបស់យើងប៉ុណ្ណោះ ហើយពួកគេនឹងមិនអាចសម្រេចបានឡើយ»។

សេចក្តីថ្លែងការណ៍របស់លោក Padrino នេះបានធ្វើឡើងបន្ទាប់ពីលិខិតរបស់មេដឹកនាំបក្សប្រឆាំង លោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) និងលោកស្រី ម៉ារៀ ខូរីណា ម៉ាឆាដូ (Maria Corina Machado) កាលពីដើមសប្តាហ៍នេះ ដោយបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ «ឈរនៅខាងប្រជាជន»។ ការអំពាវនាវរបស់មេដឹកនាំគណបក្សប្រឆាំងទាំងនោះត្រូវបានរដ្ឋាភិបាលបកស្រាយថាជាការអំពាវនាវឱ្យកងទ័ពរត់ចោលជួរ ដែលជំរុញឱ្យមានការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងពួកគេ។
ភាពតានតឹងបានបន្តកើតមានឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ មួយសប្តាហ៍បន្ទាប់ពីលោក Maduro បានអះអាងជ័យជម្នះ បើទោះជាប្រទេសជាច្រើនក្នុងតំបន់បង្ហាញការសង្ស័យលើការអះអាងនោះ និងស្នើឱ្យមានតម្លាភាពកាន់តែខ្លាំងលើលទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ក៏ដោយ៕