យោធានៃប្រទេសទាំងបួនបាននិយាយថា ប្រទេសហ្វីលីពីន កាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ពួកគេនៅថ្ងៃពុធ (០៧ សីហា) នេះនៅសមុទ្រចិនខាងត្បូង ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងរបស់ភាគីទាំងអស់។

សមយុទ្ធរយៈពេលពីរថ្ងៃនេះ ដែលនឹងមានការចូលរួមពីអង្គភាពទ័ពជើងទឹក និងទ័ពអាកាស គឺជាលើកទីមួយហើយក្នុងចំណោមប្រទេសទាំងបួន ហើយបន្ទាប់ពីសមយុទ្ធរួមគ្នារវាងហ្វីលីពីន-ជប៉ុន លើកដំបូងនៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះកាលពីសប្តាហ៍មុន។

ប្រទេសទាំងបួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេរក្សាសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ដោយបន្ថែមថា កងនាវាចរ និងកងទ័ពអាកាសនឹងធ្វើប្រតិបត្តិការរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានចម្ងាយ ២០០ម៉ាយល៍នុតរបស់ទីក្រុងម៉ានីល ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ។

ចិន អះអាងសិទ្ធលើផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង ទោះបីជាមានការប្រកួតប្រជែងទាមទារដោយប្រទេសផ្សេងទៀតរួមទាំងហ្វីលីពីនក៏ដោយ។ ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់គ្នាទៅវិញទៅមកពីអាកប្បកិរិយាដ៏កម្រោលពាក់ព័ន្ធនឹងនាវារបស់ពួកគេ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ៕