អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ប្រជាសហគមន៍នៅតំបន់ការពារធនធានធម្មជាតិជារនាំងសំខាន់ ដើម្បីចូលរួមចំណែកការពារគម្របព្រៃឈើ ខណៈរាជរដ្ឋាភិបាលប្តេជ្ញានឹងបង្កើនគម្របព្រៃឈើឱ្យបានជាង១១លានហិកក្ន្ងឆ្នាំ២០៥០។
ថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ផ្អែកតាមគោលនយោបាយការពារធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មានការយកចិត្តទុកដាក់ខ្លាំងមិនខុសពីអាណត្តិមុនៗនោះទេ។ ក្នុងនោះចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ការពារធម្មជាតិមានទំហំជាង៧លានហិកតាស្មើនឹង៤០%។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាល អាណត្តិទី៧ មានទស្សនវិស័យធ្វើយ៉ាងណាជំរុញក្នុងឆ្នាំ២០៥០ នឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ កើនឡើងពី៧លានហិកតាដល់១១លានហិកតា តាមរយៈយុទ្ធនាការនានា ជាពិសេសយុទ្ធនាការដាំដើមឈើយ៉ាងតិច១លានពីឆ្នាំ២០២៤នេះ។
ជាមួយគ្នា ដើម្បីធានាអំពីការការពារធនធម្មជាតិ អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ទៀតថា ក្នុងគោលនយោបាយ និងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីលើកិច្ចការនេះក៏ទាមទារការពឹងផ្អែកលើប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍ដែលជារនាំងជួយការការពារធម្មជាតិ ដោយសារសម្បត្តិធនធានធម្មជាតិជាសម្បត្តិប្រជាពលខ្មែរទាំងអស់។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លី និងការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋដោយប្រើប្រាស់ប្រជាពលរដ្ឋ៕