មានបាតុករតិចតួចប៉ុណ្ណោះ បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ ទី៦ ខែសីហា ជាថ្ងៃតវ៉ាទី៦ នៃការតវ៉ាជុំវិញការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ នៅប្រទេសនីហ្សេរីយ៉ា ដែលពួកគេបានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងពាណិជ្ជកម្ម Lagos។

មានរយៈពេល៦ថ្ងៃហើយ ដែលក្រុមបាតុករនៅក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ បាននឹងកំពុងទាមទារឱ្យមានភាពធូរស្រាលពីការលំបាកផ្នែកសេដ្ឋកិច្ច និងភាពអសន្តិសុខរាលដាល នៅក្នុងការតវ៉ា ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែ សីហា ហើយនឹងបន្តរហូតដល់ថ្ងៃទី ១០ ខែសីហា។

ទោះបីជាមានការអំពាវនាវពីសំណាក់ប្រធានាធិបតី លោក Tinubu ឱ្យមានការសន្ទនា និងការផ្អាកការតវ៉ាក៏ដោយ ក៏ប្រជាជននីហ្សេរីយ៉ា និយាយថាលោក ពុំបានដោះស្រាយតាមការទាមទារណាមួយរបស់ពួកគេឡើយ ហើយនឹងបន្តរហូតដល់ពួកគេទទួលបានដំណោះស្រាយ។

ជាមួយគ្នានេះ រូបភាពវីដេអូ ពីភាគខាងជើងប្រទេសនីហ្សេរីយ៉ា បង្ហាញទង់ជាតិរុស្ស៊ី កំពុងត្រូវបានគ្រវីអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល។ នគរបាលសម្ងាត់រដ្ឋ បាននិយាយថា វាជាហេតុផលដែលជាងកាត់ដេរមួយចំនួនធ្វើទង់ជាតិបែបនេះ ត្រូវបានឃាត់ខ្លួន។ អង្គភាពសេវារដ្ឋ បានសរសេរនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អង្គភាពបានឃុំខ្លួន «អ្នកឧបត្ថម្ភ» មួយចំនួនរបស់ជាងកាត់ដេរ ដោយពុំបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសនីហ្សេរីយ៉ា បានបដិសេធថាពុំមានការពាក់ព័ន្ធណាមួយឡើយ។
ទោះជាយ៉ាងណា ការឃុំខ្លួនបានបង្ហាញពីការព្រួយបារម្ភអំពី សកម្មភាពរបស់រុស្ស៊ីដែលកើនឡើង នៅប្រទេសអាហ្វ្រិកខាងលិចនេះ។ ទង់ជាតិរុស្ស៊ី ត្រូវបានគ្រវីដោយប្រជាជន បួគីណាហ្វាសូ ម៉ាលី និងប្រទេសនីហ្សេរីយ៉ា ក្នុងពេលមានរដ្ឋប្រហារយោធានៅក្នុងប្រទេសទាំងនេះ។
នៅក្នុងប្រទេសនីហ្សេរីយ៉ា មនុស្សរាប់សែននាក់បានធ្វើការតវ៉ាចាប់តាំងពីថ្ងៃទី ១ ខែសីហា ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ច និងឧក្រិដ្ឋកម្ម។ នាយសេនាធិការការពារជាតិប្រទេសនីហ្សេរីយ៉ា ឧត្តមសេនីយ៍ Christopher Musa បានពណ៌នាការក្រវីទង់ជាតិបរទេស អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលថា «មិនអាចទទួលយកបានឡើយ»។ យើងនឹងមិនទទួលយកបុគ្គលណាម្នាក់ ដែលក្រវីទង់ជាតិបរទេសនៅក្នុងប្រទេសនីហ្សេរីយ៉ាឡើយ នោះគឺជាបទល្មើសក្បត់ជាតិ។