ប្រភពព័ត៌មាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ក្រសួងការពារជាតិជប៉ុន នឹងបញ្ជូនមន្ត្រីមួយក្រុមទៅកាន់ប្រទេសជិតខាងរបស់អ៊ីស្រាអែល។

ក្រុមនេះ ទំនងជានឹងត្រៀមសម្រាប់បេសកកម្មដែលអាចធ្វើទៅបាន ដើម្បីជម្លៀសពលរដ្ឋជប៉ុន។
ភាពតានតឹង នៅតែបន្តកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ខណៈប្រទេសអ៊ីរ៉ង់ កំពុងត្រៀមវាយប្រហារសងសឹកប្រឆាំងអ៊ីស្រាអែល បន្ទាប់ពីមន្ត្រីកំពូលរបស់ក្រុមអ៊ីស្លាមនិយមហាម៉ាស ត្រូវបានសម្លាប់នៅទីក្រុងតេអេរ៉ង់។

អំពើហិង្សារវាងក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ និងយោធាអ៊ីស្រាអែល បាននិងកំពុងរីកធំឡើង។
ចាប់តាំងពីការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន ក្រសួងបានឲ្យយន្តហោះរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន ឈរជើងប្រចាំការ ដើម្បីដឹកជញ្ជូនប្រជាជនជប៉ុន និងអ្នកដទៃទៀត តាមយន្តហោះ ចេញពីប្រទេសអ៊ីស្រាអែល។
ក្រសួង បានរៀបចំបេសកកម្មជម្លៀសប្រជាជននៅក្នុងខែតុលា និងវិច្ឆិកា។ ក្រសួងការបរទេស និយាយថា ប្រជាជនជប៉ុនប្រហែល ៦០ នាក់នៅក្នុងប្រទេសលីបង់ និងជាង ១.០០០ នាក់នៅប្រទេសអ៊ីស្រាអែល។ ពួកគេកំពុងត្រូវបានជំរុញឱ្យពិចារណាចាកចេញពីប្រទេសទាំងនេះ ខណៈមានជើងហោះហើរពាណិជ្ជកម្ម។