មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) បាននិយាយថា ខ្យល់ព្យុះត្រូពិច ដេប៊ី (Debby) បានបង្កការជន់លិចនៅតំបន់ឆ្នេរសមុទ្ររដ្ឋ ចចា (Georgia) និងរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារ (០៦ សីហា) ដែលអាចនាំមកនូវ «ទឹកជំនន់ដ៏មហន្តរាយ» ដល់ទីក្រុង ឆាលស្តូន (Charleston), សាវ៉ានណា (Savannah) និងទីក្រុងផ្សេងទៀតនៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់នៅក្នុងរដ្ឋហ្វ្លរីដា (Florida) និង Georgia បន្ទាប់ពីព្យុះនេះត្រូវបានគេរំពឹងថានឹងបន្តអូសបន្លាយលើឆ្នេរសមុទ្រភាគអាគ្នេយ៍ និងពាក់កណ្តាលតំបន់អាត្លង់ទិករយៈពេលជាច្រើនថ្ងៃទៀត។

ទីភ្នាក់ងារ NHC បាននិយាយថា «ព្យុះ Debby អាចនឹងបង្កើតបរិមាណទឹកភ្លៀងជាប្រវត្តិសាស្ត្រចាប់ពី ១០ទៅ ២៥សង់ទីម៉ែត្រ និង ៥១សង់ទីម៉ែត្រ ជាមួយនឹងបរិមាណអតិបរមា ៦៣,៥សង់ទីម៉ែត្រ ដែលអាចបង្កជាទឹកជំនន់ដ៏មហន្តរាយនៅទូទាំងផ្នែកភាគខាងកើតនៃរដ្ឋ South Carolina និងភាគអាគ្នេយ៍នៃរដ្ឋ ណស ខារ៉ូឡាញណា (North Carolina) រហូតដល់ថ្ងៃសុក្រ (០៩ សីហា)»។
អភិបាលនៃរដ្ឋទាំងនោះបានប្រកាសគ្រាអាសន្នដោយសារលទ្ធភាពនៃគ្រោះមហន្តរាយដ៏ធំនោះ។ មជ្ឈមណ្ឌល NHC នេះបានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់នៅក្នុងផ្នែកខ្លះនៃពាក់កណ្តាលតំបន់អាត្លង់ទិករហូតដល់ថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ៕