ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Daniel Noboa កាលពីថ្ងៃអង្គារ បានប្រគល់កាំភ្លើងវែងចំនួន ១.៧៨២ដើម ដល់នគរបាលជាតិ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដែលកំពុងញាំញីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។

សព្វាវុធទាំងនេះរួមមាន កាំភ្លើងវែងប្រភេទកាលីបេ៥.៥៦ ចំនួន១.៧៥២ដើម និងកាំភ្លើងវែងស៊ីបគោលដៅ ចំនួន៣០ ដើម។
នៅក្នុងព្រឹត្តិការណ៍ផ្លូវការមួយ នៅក្រុង Duran ខេត្ត Guayas ភាគនិរតី លោក Noboa បានផ្តល់សច្ចាប័ន ចំពោះការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់កងកម្លាំងនគរបាល ដែលរួមជាមួយកងកម្លាំងប្រដាប់អាវុធ បានបង្កើនប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្ម បន្ទាប់ពីប្រធានាធិបតី កាលពីខែមករា បានប្រកាសប្រទេសនៅក្នុងស្ថានភាព«ជម្លោះប្រដាប់អាវុធផ្ទៃក្នុង» ប្រឆាំងក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម ដែលត្រូវបានចាត់ថ្នាក់ថាជា «ក្រុមភេរវករ»។

លោកប្រធានាធិបតី បាននិយាយថា «យើងបានប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជនផ្សេងៗគ្នា បានចាប់ខ្លួនមេដឹកនាំក្រុមភេរវករដែលមានគ្រោះថ្នាក់ខ្លាំង និងរឹបអូសបានគ្រឿងញៀន និងអាវុធ ហើយយើងនៅតែរឹងមាំក្នុងការប្រយុទ្ធប្រឆាំងក្រុមម៉ាហ្វៀ។
យើងនឹងមិនបញ្ឈប់នោះទេ រហូតដល់យើងទទួលបានសេរីភាព សម្រាប់ប្រទេសអេក្វាឌ័រទាំងមូល។
