លោក Amadou Abdramane អ្នកនាំពាក្យរដ្ឋាភិបាលយោធានីហ្សេ បានប្រកាសតាមទូរទស្សន៍ជាតិកាលពីថ្ងៃអង្គារថា ប្រទេសនីហ្សេ នឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន «ដោយមានប្រសិទ្ធភាព ភ្លាមៗ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះ ត្រូវបានធ្វើឡើង ដោយសារតែទីក្រុងគីវ «គាំទ្រដល់អង្គការភេរវកម្ម»ហើយបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើសេចក្តីសម្រេចលើ«ការឈ្លានពាន»របស់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ បាននិយាយថា «ដោយពិចារណាលើភាពធ្ងន់ធ្ងរនៃស្ថានភាព និងការទទួលស្គាល់ និងសន្មតថា មានការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែនក្នុងការឈ្លានពានប្រទេសម៉ាលី» ហើយក្នុងសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនម៉ាលី រដ្ឋាភិបាលនីហ្សេ បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន ដោយមានប្រសិទ្ធភាពភ្លាមៗ និងបញ្ជូនសំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងគោលបំណងឲ្យចេញសេចក្តីសម្រេចលើ«ការឈ្លានពាន» របស់អ៊ុយក្រែន និងអ្នកឧបត្ថម្ភរបស់ខ្លួន។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលអន្តរកាលរបស់ប្រទេសម៉ាលី បាននិយាយថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន «ដោយមានប្រសិទ្ធិភាពភ្លាមៗ» ដោយលើកឡើងពីការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែន ក្នុងសកម្មភាពឈ្លានពានប្រឆាំងនឹងប្រទេសម៉ាលី។