យោធាអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន បានរឹបអូសរថយន្តមួយគ្រឿងដឹកគ្រាប់ រ៉ុក្កែត ដែលប្រើសម្រាប់វាយប្រហារមូលដ្ឋានអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ជាទីដែលទាហានអាមេរិក ឈរជើង។
នៅម៉ោងប្រហែល ៩:00 យប់ ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទ (ម៉ោង១៨:00 ម៉ោងសកល) គ្រាប់រ៉ុក្កែតពីរគ្រាប់ ត្រូវបានបាញ់ទៅលើមូលដ្ឋានអាកាស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីអង្គភាពព័ត៌មាន Security Media Cell ជាប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍ បាននិយាយថា កងកម្លាំងសន្តិសុខភ្លាមៗ បានរុករកតំបន់ជុំវិញនោះ ហើយបានរកឃើញរថយន្តដឹកទំនិញ ដែលមានគ្រាប់រ៉ុក្កែតចំនួន ៥គ្រាប់ ដែលត្រៀមរួចជាស្រេចសម្រាប់ការបាញ់ទៅលើទីក្រុង Haditha ក្បែរនោះ មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាកដាដ។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា គ្រាប់រ៉ុក្កែត ត្រូវបានបំផ្លាញចោល ដោយអ្នកជំនាញគ្រឿងផ្ទុះ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«យើងបដិសេធរាល់សកម្មភាព និងការអនុវត្តដែលមិនប្រុងប្រយ័ត្នដែលផ្តោតលើមូលដ្ឋានអ៊ីរ៉ាក់ បេសកកម្មការទូត និងទីតាំងរបស់ទីប្រឹក្សាចម្រុះអន្តរជាតិ និងអ្វីគ្រប់យ៉ាងដែលនឹងបង្កឲ្យមានភាពតានតឹង នៅក្នុងតំបន់»។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅតែតាមចាប់ខ្លួនជនដៃដល់នៃការវាយប្រហារនេះ។