ប្រទេសអូស្ត្រាលី នឹងចាប់ផ្តើមផលិតអាវុធតម្រង់គោលដៅរួមគ្នាជាមួយសហរដ្ឋអាមេរិក នៅឆ្នាំក្រោយ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងដំឡើងវត្តមានយោធាអាមេរិក នៅក្នុងប្រទេស ក្នុងនោះរួមទាំងយន្តហោះទម្លាក់គ្រាប់បែកផងដែរ។ នេះបើតាមការឲ្យដឹងពីប្រទេសទាំង២ បន្ទាប់ពីកិច្ចពិភាក្សាការពារជាតិប្រចាំឆ្នាំ។
អូស្ត្រាលី និងសហរដ្ឋអាមេរិក កំពុងប្រឹងប្រែងរួចហើយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានទ័ពអាកាស នៅភាគខាងជើង និងភាគខាងលិចប្រទេសអូស្ត្រាលី ដែលនៅកៀកនឹងចំណុចចម្រូងចម្រាសដ៏មានសក្ដានុពលជាមួយប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង ជាងនៅកៀកនឹងរដ្ឋធានី Canberra របស់អូស្ត្រាលី។
បន្ទាប់ពីមានកិច្ចពិភាក្សាប្រចាំឆ្នាំ ហៅកាត់ថា AUSMIN នៅទីក្រុង Annapolis រដ្ឋ Maryland រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា នឹងមានការបង្កើននូវវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកឆ្លាស់ចុះឡើង នៅក្នុងប្រទេសអូស្ត្រាលី។
លោកបានលើកឡើងថា៖ «នេះនឹងត្រូវឲ្យមានយន្តហោះល្បាតដែនសមុទ្រ និងយន្តហោះឈ្លបយកការណ៍កាន់តែច្រើនដែលប្រតិបត្តិការពីមូលដ្ឋាននានា នៅទូទាំងភាគខាងជើងនៃប្រទេសអូស្ត្រាលី។ វានឹងតម្រូវឲ្យមានការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកឆ្លាស់ចុះឡើងញឹកញាប់ជាងមុន»។
នៅក្នុងសុន្ទរកថាបើក លោក Austin បាននិយាយថា សម្ព័ន្ធមិត្តទាំង២ បានប្រឈមមុខនឹងបញ្ហាសន្តិសុខរួមគ្នា ក្នុងនោះរួមទាំង «អាកប្បកិរិយាសម្លុតកំហែង» ដោយប្រទេសចិនផងដែរ។
សេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា AUSMIN បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ និងការទាមទារដែនសមុទ្រហួសហេតុរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង៕