ប្រទេសចិន នៅថ្ងៃពុធ (ទី៧ ខែសីហា) នេះ បានអនុវត្តការល្បាតប្រយុទ្ធ ដើម្បីសាកល្បង «សមត្ថភាពវាយប្រហារ» នៅជិតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង ពោលគឺជាតំបន់មួយដែលត្រូវបានទាមទារដោយប្រទេសហ្វីលីពីនផងដែរ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានបន្តជំរុញដល់ការអះអាងរបស់ខ្លួន ដែលទាមទារស្ទើរតែទាំងស្រុងលើតំបន់ នៅសមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
ហើយកាលពីថ្ងៃពុធ ទីបញ្ជាការនៃយុទ្ធភូមិភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បានប្រាប់ថា ខ្លួនបានរៀបចំការល្បាតប្រយុទ្ធរួមគ្នា នៅសមុទ្រ និងលំហអាកាស ក្បែរកោះ Huangyan ដែលជាឈ្មោះភាសាចិន សម្រាប់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal។
ទីក្រុងប៉េកាំង បាននិយាយថា សមយុទ្ធនេះក៏បានសាកល្បងសមត្ថភាពឈ្លបយកការណ៍ និងការព្រមានជាមុននៃកងទ័ពរបស់ខ្លួនផងដែរ។ ទីក្រុងនេះបានបន្ថែមថា «រាល់សកម្មភាពយោធាដែលរំខានដល់សមុទ្រចិនខាងត្បូង បង្កើតចំណុចមានជម្លោះ ហើយបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ទង្វើទាំងអស់នោះ កំពុងត្រូវបានគ្រប់គ្រងក្នុងកម្រិតល្អបំផុត»។
សូមបញ្ជាក់បន្ថែមថា ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានប៉ះទង្គិចគ្នា ក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងជម្លោះជុំវិញនាវាចម្បាំងមួយគ្រឿង ដែលទីក្រុងម៉ានីលចតចោលអស់រយៈពេលជាច្រើនឆ្នាំ នៅតំបន់ប្រទាញប្រទង់គ្នា គឺតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។
កាលពីខែមិថុនា ក្រុមនាវិកឆ្មាំល្បាតឆ្នេរចិន បានប្រើអាវុធជាច្រើនយ៉ាង ក្នុងនោះរួមទាំងកាំបិត និងពូថៅផងដែរ នៅពេលពួកគេឡើងលើនាវាកងទ័ពជើងទឹកហ្វីលីពីន នៅជិតតំបន់ថ្មប៉ប្រះទឹកយុទ្ធសាស្ត្រ។ យោធាហ្វីលីពីនបានប្រាប់ថា នាវិកម្នាក់ក្នុងចំណោមនាវិករបស់ខ្លួន បានដាច់ម្រាមមេដៃនៅក្នុងការប្រឈមមុខគ្នា ដែលឆ្មាំល្បាតឆ្នេរបស់ទីក្រុងប៉េកាំង ក៏បានរឹបអូស ឬបំផ្លាញសម្ភារៈរបស់ហ្វីលីពីន ក្នុងនោះរួមទាំងកាំភ្លើងផងដែរ៕