គណបក្សសាធារណរដ្ឋ មិនបណ្ដោយឲ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍នោះឡើយ ដោយបានចាប់ផ្ដើមរិះគន់អភិបាលរដ្ឋ លោក Tim Walz បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជ្រើសរើសរូបលោកជាមិត្តរួមតំណែងរបស់លោកស្រី។ ប៉ុន្តែការរិះគន់មួយ ក្នុងចំណោមការវាយប្រហារបន្តបន្ទាប់ពីសំណាក់ក្រុមយុទ្ធនាការរបស់លោក Donald Trump មិនទទួលបានផលដូចការគិតទុកឡើយ។
ស្ត្រីអ្នកនាំពាក្យ សម្រាប់យុទ្ធនាការរបស់លោក Trump គឺលោកស្រី Karoline Leavitt បាននិយាយថា «គោលនយោបាយរបស់លោក Walz ក្នុងការអនុញ្ញាតឲ្យអ្នកមានទោសឧក្រិដ្ឋបោះឆ្នោត» នៅក្នុងរដ្ឋ Minnesota គឺជាភស្តុតាង ដែលថា រូបលោក «ឈ្លក់វង្វេងនឹងការផ្សព្វផ្សាយរបៀបវារៈសេរីនិយមដ៏គ្រោះថ្នាក់របស់រដ្ឋ California»។
ប៉ុន្តែអ្នករិះគន់ចំពោះអតីតប្រធានាធិបតី បានចង្អុលបង្ហាញយ៉ាងរហ័សថា ប្រសិនបើមិនមែនមានគោលនយោបាយបែបនេះទេ លោក Trump ខ្លួនឯង ក៏នឹងត្រូវបានរារាំងមិនឲ្យបោះឆ្នោតផងដែរ។
អតីតសមាជិកសភា លោកស្រី Barbara Comstock មកពីគណបក្សសាធារណរដ្ឋ ដែលរិះគន់លោក Trump យ៉ាងខ្លាំងក្លា បានសរសេរថា៖ «ការរំលឹកដ៏ធំ ដែលថា លោក Trump គឺជាឧក្រិដ្ឋជនដែលត្រូវបានផ្តន្ទាទោស ដោយបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ នៅតែត្រូវទៅកាត់ទោស ហើយចង់បានការលើកលែងទោសរាប់រយករណី ពាក់ព័ន្ធនឹងបទឧក្រិដ្ឋថ្ងៃ៦ ខែមករា តែមែនហើយ លោកជាបុគ្គលទី១ ធ្លាប់បានជាប់ជាឧក្រិដ្ឋជន»។
ច្បាប់តឹងរ៉ឹងនៅក្នុងរដ្ឋជាច្រើនដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ នឹងរារាំងរូបលោកពីការបោះឆ្នោតរហូតដល់លោក បានបញ្ចប់លក្ខខណ្ឌទាំងអស់នៃការកាត់ទោសរបស់លោក ក្នុងនោះរួមទាំងលក្ខខណ្ឌដោះលែង ឬការព្យួរទោស ឬក្នុងករណីខ្លះ ទាមទារឲ្យមានសកម្មភាពបន្ថែមទៀត ដើម្បីឲ្យសិទ្ធិបោះឆ្នោតរបស់លោក ត្រូវបានស្ដារឡើងវិញ បើទោះបីជារូបលោកបានបញ្ចប់ដំណើរការកាត់ទោសទាំងស្រុងក៏ដោយ៕