ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន ទទួលជួបសំណេះសំណាល និងទទួលអំណោយជាអាវពេទ្យចំនួន ២០០,០០០សម្រាប់ ម៉ាស់ចំនួន ៦០,០០០បន្ទះ និងសម្ភារមួយចំនួនទៀត ពីលោកស្រី LU JINGYI តំណាងក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក។ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនិងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប្រធាន និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹង ហ្គ្រុប ដែលបាននាំយកនូវអំណោយសប្បុរសធម៌ ជូនដល់កាកបាទក្រហមកម្ពុជានាពេលនេះ ដែលអំណោយជាស្បៀង សម្ភារៈទាំងអស់នេះ គឺបានចូលរួមចំណែកជួយកាត់បន្ថយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះកម្ពុជា ដែលកំពុងរងផលប៉ះពាល់ ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកជំទាវបន្តថា ជាពិសេសអាវពេទ្យទាំងនេះ កាកបាទក្រហមកម្ពុជា និងផ្តល់ជូនបន្តទៅលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលអោយបានឆាប់បំផុត ដើម្បីបែងចែកទៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពតាមបណ្តាខេត្ត និងមណ្ឌលចត្តលីស័កនានា រួមទាំងម៉ាស់ និងសម្ភារផ្សេងៗទៀត កាកបាទក្រហមកម្ពុជា បន្តផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្រោមប្រធានបទ“រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”។
ម្ចាស់ជំនួយលោកស្រី LU JINGYI បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន មានឱកាសបានចូលរួមចំណែកជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយលោកស្រីសង្ឃឹមថានាពេលអនាគត ក្រុមហ៊ុន នឹងបន្តជួយដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ទៀត ហើយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ថារសដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ។
សូមជម្រាបថាសម្ភារដែលផ្តល់ជូននាពេលនេះរួមមាន៖ អាវពេទ្យចំនួន ២០០,០០០សម្រាប់, ម៉ាសចំនួន៦០,០០០បន្ទះ, អង្ករ៦តោន, មី១២០០កេស, ភេសជ្ជៈ១២០០កេស និងទឹកស៊ីអ៊ីវ ១២០០យួរ៕អត្ថបទ ៖ ងីម



