ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអង្គារថា ប្រមុខការទូតរបស់សហរដ្ឋអាមេរិក និងស៊ុយអែត បានសម្តែងកង្វល់ចំពោះ«និន្នាការគួរឲ្យព្រួយបារម្ភ»របស់កូរ៉េខាងជើង រួមទាំងកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងជាមួយរុស្ស៊ី និងស្ថានភាពសិទ្ធិមនុស្សនៅក្នុងរដ្ឋឯកោ ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell និងរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Jan Knutsson បានដឹកនាំកិច្ចចរចាទ្វេភាគីរបស់ប្រទេសទាំងពីរស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងរដ្ឋធានីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ។
ក្រសួងបាននិយាយនៅក្នុងសារមួយលើប្រព័ន្ធផ្សព្វផ្សាយថា៖«លោកអនុរដ្ឋមន្ត្រី Campbell និងលោករដ្ឋមន្ត្រី Knutsson បានបញ្ជាក់ ដោយក្តីបារម្ភចំពោះការបន្តគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) ដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរុស្ស៊ី ក៏ដូចជានិន្នាការគួរឲ្យព្រួយបារម្ភ នៅក្នុងកូរ៉េខាងជើង រួមទាំងការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី និងស្ថានភាពសិទ្ធិមនុស្ស»។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីអាទិភាពរួម ដើម្បីជំរុញឥណ្ឌ-ប៉ាស៊ីហ្វិក «សេរី និងបើកចំហ» រួមទាំងការលើកកម្ពស់ច្បាប់អន្តរជាតិ សេរីភាពនៃការធ្វើនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង និងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះយោងតាមក្រសួងការបរទេសអាមេរិក។
ក្រសួង បានបន្ថែមថា៖«ពួកគេ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសំខាន់ៗរវាងសម្ព័ន្ធមិត្តណាតូ និងដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អង្គការណាតូ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ» ដោយសំដៅទៅលើអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។