ប្រធានសភាលោក Shalva Papuashvili បានថ្លែងប្រាប់អ្នកយកព័ត៌មានថា អ្នកនយោបាយអឺរ៉ុប រួមជាមួយតំណាងគណបក្សប្រឆាំងចលនាជាតិរបស់ប្រទេសហ្ស៊កហ្ស៊ីចង់ឲ្យរដ្ឋធានីធីប៊ីលីស៊ី (Tbilisi) ដាក់ទណ្ឌកម្មលើរុស្ស៊ី និងបញ្ជូនទាហានស៊ីឈ្នួល ទៅអ៊ុយក្រែន។
លោក បាននិយាយថា៖ «គណបក្សចលនារួបរួមជាតិ និងជាគណបក្សប្រឆាំងដ៏ធំនោះ បានប្រាប់យើងថា យើង គួរតែដាក់ទណ្ឌកម្ម ខណៈដែលគណបក្ស Georgian Dream (គណបក្សដែលកាន់អំណាច) បាននិយាយថា «ទេ» ដោយសារការធ្វើបែបនេះ នឹងអាចអូសទាញប្រទេសនេះ ឲ្យធ្លាក់ចូលក្នុងសង្រ្គាម។ ដោយរួមជាមួយនឹងចលនារួបរួមជាតិ ជនបរទេសមួយចំនួន ក៏បានប្រាប់យើងថា យើងគួរតែដាក់ទណ្ឌកម្ម បញ្ជូនទាហានស៊ីឈ្នួល [ទៅអ៊ុយក្រែន] ហើយធ្វើអ្វីបន្តទៅទៀត។ យើងបានទទួលដំណឹងនេះពីអឺរ៉ុបជាពិសេស»។
កាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី Irakli Garibashvili បាននិយាយថា ខ្លួនមិនមានបំណងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយនិយាយថា វាមិនមែនជាផលប្រយោជន៍ជាតិរបស់ហ្ស៊កហ្ស៊ីទេ។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរហ្ស៊កហ្ស៊ី បាននិយាយម្តងហើយម្តងទៀតថា ប្រទេសនេះនឹងមិនអនុញ្ញាតឲ្យខ្លួន ត្រូវគេប្រើ ដើម្បីគេចពីការដាក់ទណ្ឌកម្មឡើយ។ ក្រសួងហិរញ្ញវត្ថុហ្ស៊កហ្ស៊ី បានបង្កើតក្រុមពិសេសមួយ ដើម្បីត្រួតពិនិត្យទំនិញ និងបុគ្គលដែលត្រូវគេដាក់ទណ្ឌកម្ម។