នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីន បានពិនិត្យមើលការខូចខាតអគារ និងសំពត់តង់ នៅទីក្រុង Deir Al-Balah ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារនៅពេលយប់របស់អ៊ីស្រាអែល ដែលបានសម្លាប់ និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់ ។
មនុស្សត្រូវបានគេមើលឃើញដើរប្រមូលទ្រព្យសម្បត្តិនៅក្នុងចំណោមកម្ទេចកម្ទី ហើយនិងសំពត់តង់ធ្វើជាទីជម្រកសម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួន ។
លោក Nidal Ashour គឺជាជនប៉ាឡេស្ទីនមួយរូប និយាយថា លោកបានមើលឃើញគ្រោះថ្នាក់ច្រើនណាស់ ក្រោយការវាយប្រេហារនេះ ។ ភាគច្រើននៃពួកគេបានដាច់ជើង ឬត្រូវកាត់ជើងចោល ។
លោក Mazen Al-Samiri គឺជាជនប៉ាឡេស្ទីនមួយរូបទៀត និយាយថា ពួកយើងគិតថា ពួកយើងមកកាន់ទីក្រុង Deir Al-Balah ដោយសារតែវាជាកន្លែងសុវត្ថិភាព គ្មានទេកន្លែងសុវត្ថិភាពនោះ ។
ភាគច្រើននៃជនប៉ាឡេស្ទីន ត្រូវបានជម្លៀសខ្លួនច្រើនលើកច្រើនសារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយសង្រ្គាមមួយនេះ បង្កទុក្ខវេទនាដល់មនុស្សរាប់ម៉ឺននាក់ ដែលជាប់ខ្លួននៅក្នុងទីជម្រកសំពត់តង់ ។
យោងតាមតួលេខពីក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីន ៣៩.៦៥៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩១.៥៣៥នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕