តាមសេចក្តីរាយការណ៍ មន្ត្រីរាជការនៅចក្រភពអង់គ្លេសបានផ្អាកដំណើរការអាជ្ញាប័ណ្ណនាំចេញអាវុធ ទៅកាន់ប្រទេសអ៊ីស្រាអែល មុនពេលមានការត្រួតពិនិត្យយ៉ាងទូលំទូលាយពីរដ្ឋាភិបាល។
សារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រសួងធុរកិច្ច និងពាណិជ្ជកម្ម កំពុងផ្ញើសារទៅកាន់ក្រុមហ៊ុននាំចេញ ដោយជូនដំណឹងដល់ពួកគេអំពីការផ្អាកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីមន្ត្រីរាជការ បាននិយាយថា កាសម្រេចនេះ មិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដោយផ្ទាល់នៅក្នុងគោលនយោបាយ និងអាចជាផ្នែកនៃវិធីសាស្រ្តរដ្ឋបាលថ្មី។
ការត្រួតពិនិត្យកាន់តែទូលំទូលាយរបស់រដ្ឋាភិបាល លើការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល កំពុងដំណើរការ ប៉ុន្តែកាលបរិច្ឆេទបញ្ចប់ មិនទាន់ត្រូវបានប្រកាស នៅឡើយ។
ការផ្អាកនេះ បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា ការនាំចេញអាវុធរបស់លោកខាងលិច ទៅកាន់ប្រទេសនេះ អាចបំពានច្បាប់មនុស្សធម៌ ដែលជាលទ្ធផលនៃសកម្មភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ការស៊ើបអង្កេត មានភាពស្មុកស្មាញបន្ថែមទៀត ដោយសារបំណងប្រាថ្នារបស់រដ្ឋមន្ត្រី ក្នុងការបែងចែករវាងការនាំចេញអាវុធវាយលុក និងការពារ។