សំឡេងស៊ីរ៉ែនអាចត្រូវបានគេឮ កាលពីថ្ងៃអង្គារ (ទី៦ ខែសីហា) ក្នុងទីក្រុង Kiryat Shmona ដែលជាទីក្រុងនៅភាគខាងជើងប្រទេសអ៊ីស្រាអែល ខណៈដែលគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ដែលត្រូវបានកំណត់ថា ចេញពីប្រទេសលីបង់ ត្រូវបានបាញ់បង្ហោះចូលទៅក្នុងតំបន់នោះ។
ហើយបើយោងតាមកងទ័ពរបស់អ៊ីស្រាអែល បានឲ្យដឹងថា ភាគច្រើននៃគ្រាប់រ៉ុក្កែតហោះពត់ពេនទាំងនេះ ត្រូវបានស្ទាក់ចាប់ ខណៈដែលនៅសល់ ២-៣គ្រាប់ទៀត បានធ្លាក់នៅតំបន់ទីវាល ដែលបណ្តាលឲ្យមានជាអគ្គិភ័យ នៅតំបន់ខ្លះ។ បន្ទាប់មកជាការឆ្លើយតបទៅនឹងការវាយប្រហារនោះ កងទ័ពអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងរបស់ក្រុមហេសបូឡាចំនួន ២ នៅភាគខាងត្បូងប្រទេសលីបង់។
គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធរបស់ប្រទេសលីបង់ គឺក្រុមហេសបូឡា បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយានដ្រូន នៅព្រឹកថ្ងៃអង្គារនោះ ដែលផ្តោតលើភាគខាងជើងរបស់អ៊ីស្រាអែល។ ក្រុមនេះ បានព្រមានថា ការវាយប្រហារនេះមិនមែនជាការសងសឹកដែលមនុស្សជាច្រើនរំពឹងទុកថា នឹងមាន ចំពោះការសម្លាប់របស់អ៊ីស្រាអែលលើមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា កាលពីសប្តាហ៍មុន។
ការភ័យខ្លាចពីការមានសង្រ្គាមពេញទំហឹង នៅតំបន់មជ្ឈិមបូព៌ា កំពុងកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានការប្តេជ្ញាសងសឹករបស់ក្រុមហេសបូឡា ចំពោះការសម្លាប់លើមេបញ្ជាការ លោក Fuad Shukr និងការសន្យារបស់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការធ្វើឃាតនៅទីក្រុងតេអេរ៉ង់លើប្រមុខក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីសប្តាហ៍មុន៕