ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារខេត្តភាគខាងជើង Gansu ប្រទេសចិន ក្នុងនោះកិច្ចខិតខំងើបឡើងវិញ បានចាប់ផ្តើម ក្រោយកម្រិតទឹក បានឡើងប្រៀបច្រាំងទន្លេ និងបិទផ្លូវហាយវ៉េ នៅតាមខេត្តដទៃទៀត ។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា កម្រិតទឹកនៅលើផ្លូវសំខាន់ក្នុងខេត្ត Gansu មានជម្រៅ ១ម៉ែត្រ កាលពីថ្ងៃអង្គារ ហើយរូបភាពវីដេអូឃ្លីប ឃើញទឹកជន់ហូរចុះតាមជើងភ្នំ ធ្វើឲ្យខូចផ្លូវហាយវ៉េ ។
នៅទីក្រុង Kangding ស្ថិតក្នុងខេត្ត Sichuan ទឹកជំនន់ដ៏គំហក់ និងបំណាក់ដី បានបិទផ្លូវហាយវ៉េ ដែលចាប់តាំងពីពេលនោះមក បានបើកឡើងវិញ ក្រោយជួសជុលរួច ។
ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិននៅក្នុងរដូវក្តៅនេះ បង្កឲ្យមានបំណាក់ដី ដែលបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនក្នុងភូមិនៅទីក្រុង Kangding កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ១២នាក់ផ្សេងទៀត បាត់ខ្លួន ។
ក្រុមអ្នកវិទ្យាសាស្រ្ត ព្រមានថា ស្ថានភាពអាកាសធាតុអាក្រក់នៅប្រទេសចិន បណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ ៕