សារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យនគរបាលលោក Olumuyiwa Adejobiថា នគរបាលនីហ្សេរីយ៉ា បានឃាត់ខ្លួនមនុស្សជាង ៩០នាក់ ដែលកំពុងគ្រវីទង់ជាតិរុស្ស៊ីក្នុងអំឡុងពេលបាតុកម្ម ដែលបានចាប់ផ្តើម ចាប់តាំងពីថ្ងៃទី ០១ ខែសីហាមក។
លោកបាននិយាយថា៖ «បាតុករជាង ៩០ នាក់ដែលមានទង់ជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួន។
ជាមួយគ្នានេះ នគរបាលសម្ងាត់របស់រដ្ឋ បាននិយាយថា ជាងកាត់ដេរជាច្រើននាក់ ត្រូវបានឃាត់ខ្លួនពីបទធ្វើទង់ជាតិរុស្ស៊ី។ ការស៊ើបអង្កេត កំពុងដំណើរការ។
ចំពេលមានការបង្រ្កាបនេះ នាយសេនាធិការការពារជាតិនីហ្សេរីយ៉ា លោក ឧត្តមសេនីយ៍ Christopher Musa បានព្រមានថា វាគឺជា «បទល្មើសក្បត់ជាតិ» ក្នុងការលើកទង់ជាតិរបស់បរទេស។
មុននេះ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងអាប៊ូចា (Abuja) បាននិយាយថា រុស្ស៊ីមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់នីហ្សេរីយ៉ាទេ។
ការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល បានដំណើរការនៅក្នុងប្រទេសនីហ្សេរីយ៉ា ចាប់តាំងពីថ្ងៃទី ០១ ខែសីហា ដោយក្រុមបាតុករ បានតវ៉ាប្រឆាំងនឹងការកើនឡើងនៃតម្លៃអាហារ និងប្រេងឥន្ធនៈ ព្រមទាំង «អភិបាលកិច្ចមិនល្អ»។