ខ្សែសង្វាក់ផលិតកម្មនៅតាមរោងចក្រកាត់ដេរបង់ក្លាដែស ដែលជាប្រភពប្រាក់ចំណូលនាំចេញធំបំផុតរបស់ប្រទេសមួយនេះ រងការអាក់ខាន បន្ទាប់ពីបាតុកម្មហិង្សារយៈពេលច្រើនសប្តាហ៍ ធ្វើឲ្យរង្គោះរង្គើទូទាំងប្រទេស និងធ្វើឲ្យគំរាមកំហែងដល់ការផ្គត់ផ្គង់សកល ។
ក្រុមហ៊ុន Urmi Garments Limited ដែលជាក្រុមហ៊ុនផលិតសម្រាប់ការលក់រាយនៅទូទាំងសកលោកនោះ មានរោងសរុបចំនួន ៣កន្លែង ដែលជួលកម្មករជិត ៨ពាន់នាក់ ។
យោងតាមការអះអាងរបស់ថ្នាក់គ្រប់គ្រង បានឲ្យដឹងថា ភាពចលាចលកាលពីពេលថ្មីៗនៅបង់ក្លាដែស បានធ្វើក្រុមហ៊ុនខាតបង់ទឹកប្រាក់ចំនួន ២,២លានដុល្លារ ។
អ្នកស្រី Razia Begum គឺជាកម្មករកាត់ដេរមួយរូប និយាយថា អំឡុងចលនាប៉ះទង្គិចគ្នានេះ រោងចក្ររបស់ពួកយើង បានបិទទ្វារ ហើយបាត់បង់ប្រាក់ច្រើនណាស់ ។ ពួកយើងអត់ការងារធ្វើ អង្គុយនៅតែផ្ទះ ។
អ្នកស្រីបន្តថា បើសិនជាពួកយើងបន្តស្នាក់នៅផ្ទះបែបនេះ តើឲ្យពួកយើងរកប្រាក់ឯណា មកចិញ្ចឹមគ្រួសារនោះ ។
យោងតាមការអះអាងរបស់សមាគមនាំចេញ និងផលិតសម្លៀកបំពាក់បង់ក្លាដែស បានឲ្យដឹងថា បង់ក្លាដែស មានរោងចក្រកាត់ដេរជាង ៤ម៉ឺកកន្លែង ដែលផលិតសម្លៀកបំពាក់សម្រាប់ម៉ាកអន្តរជាតិជាច្រើនដូចជាម៉ាក M&S, Zara, Tesco, Aldi, Adidas, Puma និងម៉ាក Nike ៕