ឧត្តរមានជ័យ ៖ មន្រ្តីជំនាញមន្ទីរធនធានទឹកខេត្តឧត្ដរមានជ័យ ចុះបើកទ្វារទឹកបញ្ចេញពីអាងស្តុកទឹកចំនួន៣ទីតាំង ទី១ គឺទំនប់អាងស្តុកទឹក០៥ (សូន្យប្រាំ) ក្នុងស្រុកត្រពាំងប្រាសាទ ទី២ ទំនប់អាងស្តុកទឹកបឹងតាម៉ុក និងទី៣ ទំនប់អាងស្តុកទឹកទំនប់ថ្មី ក្នុងស្រុកអន្លង់វែង ដើម្បីរំដោះប្រភពទឹកបន្ថែម ដែលកំពុងហូរកាត់លើខ្នងទំនប់បង្ហៀរទាំងបី ទីតាំងខាងលើនេះ ក្នុងការ បង្ការទប់ស្កាត់ការកើតបណ្តាលឲ្យមានទឹកជំនន់ ខណ:តំបន់ផ្នែកខាងលើជួរភ្នំ នៃទំនប់អាងស្តុកទឹកទាំងបីនោះនៅបន្តមានទឹកភ្លៀងធ្លាក់ខ្លាំង។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន ប្រភពទឹក នៅក្នុងទំនប់អាងស្តុបទឹកទាំងបីទីតាំងខាងលើនោះ មានប្រភពទឹកចាស់ នឹងប្រភព ទឹកភ្លៀងថ្មី បានហក់ឡើងជាបណ្តើរៗ ក៏ប៉ុន្តែវាមិនទាន់បណ្តាលមានករណីជំនន់គម្រាមកំហែងជន់លិច ឬក៏ហូរបាក់ច្រោះបណ្តាលឲ្យមានការខូចខាតលើខ្នងទំនប់ ឬក៏ដំណាំស្រូវ បន្លែ ផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋនោះឡើយ។
លោកបញ្ជាក់ទៀតថា ប្រភពទឹកដែលក្រុមការងារបានបើកបញ្ចេញ ដើម្បីបញ្ជៀសការគម្រាមកំហែង ចេញពីទំនប់អាងស្តុកទឹកនៅប៉ែកខាងលើទាំងបីនោះ គឺបានហូរចុះចូលតាមស្ទឹង អូរ ព្រែក ប្រឡាយ បន្តធ្លាក់ចូលតាមបណ្តាអាងរក្សាប្រភពទឹកនៅផ្នែកខាងក្រោម ធំៗដើម្បីបញ្ចៀសការជន់លិច រួមមាន អាងទឹកស្ទឹងស្រែងទី២ និងអាងទឹកស្ទឹងស្រែងទី១ ដែលបច្ចុប្បន្នអាស្តុកទឹកទាំងពីរ នៅមិនទាន់មានប្រភពទឹកពេញគ្រប់គ្រាន់ចូលនៅឡើយ ដូច្នេះសូមប្រជាកសិករកុំមានការបារម្មណ៍ចំពោះការជន់លិចឲ្យសោះ៕
អត្ថបទ ៖ ឃិន សារិទ្ធ



