ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Kursk របស់រុស្ស៊ី គឺជាការបង្ករឿងធំ ។
លោកនិយាយថា ពួកយើងត្រូវតែចាប់ផ្តើមជាមួយហេតុការណ៍នៅតំបន់ Kursk ។ ដូចអ្នកដឹងស្រាប់ហើយថា របបក្រុងគីវ បានបង្ករឿងធំមួយទៀតហើយ គឺការផ្លោងគ្រាប់កាំភ្លើងធំដោយគ្មានញញើតដៃលើអគារស៊ីវិល អគារអ្នកស្រុក រថយន្តគិលានសង្រ្គោះ ។
លោក Putin បន្តថា ភ្លាមៗក្រោយជំនួបពួកយើង ខ្ញុំនឹងមានជំនួបជាមួយប្រធានទីភ្នាក់ងារសន្តិសុខ ក្រសួងការពារជាតិ អគ្គនាយសេនាធិកាកងទ័ព និងក្រុម FSB ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងរុស្ស៊ី បានរារាំងការរុលចូលរបស់ទាហានអ៊ុយក្រែននៅតំបន់ព្រំដែនរវាងប្រទេសទាំង ២ ។
ដោយឡែក លោក Alexey Smirnov គឺជាអភិបាលតំបន់ Kursk និយាយថា ស្ថានភាពនៅក្នុងតំបន់ គ្រប់គ្រងបានវិញហើយ ៕