អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សចាស់វស្សាមួយរូប គឺលោក Oleg Orlov នៅថ្ងៃពុធ (ទី៧ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកប្រឆាំងដែលត្រូវបានដោះលែងពីពន្ធនាគាររុស្ស៊ី ក្រោមលក្ខខណ្ឌដោះដូរអ្នកទោស រវាងរុស្ស៊ី និងលោកខាងលិច កាលពីសប្តាហ៍មុន បាននាំគ្នាពិភាក្សាអំពីលទ្ធភាពនៃការដោះដូររបន្ថែមទៀត។
លោក Orlov បាននិយាយនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងសន្និសីទសារព័ទ៌មានដំបូងរបស់លោក ចាប់តាំងពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងទោសព្រហ្មទណ្ឌរបស់រុស្ស៊ី ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលជាប្រភេទដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់មក។
បុរសវ័យ ៧១ឆ្នាំរូបនេះ បាននិយាយថា លោក និងជនជាតិរុស្ស៊ីដែលត្រូវបានដោះលែងផ្សេងទៀត បាននិយាយអំពីលទ្ធភាពនៃការដោះដូរបន្ថែមទៀត ដើម្បីទទួលបានការដោះលែងសហការីរបស់ពួកគេបន្ថែមទៀតដោយទីក្រុងមូស្គូ។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង កាលពីសប្តាហ៍មុន រុស្ស៊ីទទួលបានអ្នកទោស ៨នាក់ ដែលត្រូវបានឃុំខ្លួននៅលោកខាងលិច ក្នុងនោះរួមទាំងសមាជិកនៃសេវាសន្តិសុខ FSB របស់ខ្លួនផងដែរ ដែលត្រូវបានកាត់ទោសពីបទមនុស្សឃាត នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយមនុស្ស ១៦នាក់ ត្រូវបានដោះលែងពីពន្ធនាគាររុស្ស៊ី និងបេឡារុស។ ក្នុងចំណោមពួកគេទាំងនោះ រួមមានលោក Orlov អ្នកប្រឆាំងលោក Vladimir Kara-Murza និងលោក Ilya Yashin ព្រមទាំងពលរដ្ឋអាមេរិក លោក Evan Gershkovich លោក Paul Whelan និងលោកស្រី Alsu Kurmasheva៕