បុរសជនជាតិប៉ូឡូញម្នាក់ នៅថ្ងៃពុធ (ទី៧ ខែសីហា) នេះ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែ ពីបទដាល់នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ដោយហេតុការណ៍នោះបានកើតមានឡើង នៅពេលដែលលោកស្រីដើរឆ្លងកាត់ទីលានសាធារណៈ ក្នុងទីក្រុង Copenhagen កាលខែមិថុនា ជាករណីដែលបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់មន្ត្រីសាធារណៈ នៅក្នុងប្រទេសតំបន់អឺរ៉ុបខាងជើងមួយនេះ។
តុលាការបានសម្រេចថា បុរសវ័យ ៣៩ឆ្នាំ ត្រូវបានរកឃើញថា មានទោសពីបទវាយដំលើមន្រ្តីសាធារណៈ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ហើយបន្ទាប់មក រូបលោកនឹងត្រូវនិរទេសចេញពីដាណឺម៉ាក និងហាមឃាត់មិនឲ្យត្រឡប់ចូលប្រទេសនេះវិញរយៈពេល ៦ឆ្នាំ។
សាលក្រមរបស់តុលាការបានសម្រេចថា៖ «ជនជាប់ចោទបានវាយនាយករដ្ឋមន្ត្រី ដោយកណ្តាប់ដៃ ចំស្មាខាងស្តាំ ដែលជាហេតុធ្វើឲ្យនាយករដ្ឋមន្ត្រីមានអារម្មណ៍តក់ស្លុតមួយរយៈពេលខ្លី»។
មេធាវីរបស់ជនល្មើស លោក Henrik Karl Nielsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា កូនក្ដីរបស់ខ្លួនខកចិត្តនឹងសាលក្រមនេះ ប៉ុន្តែបានសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍នោះទេ។ លោក Nielsen បានបន្ថែមថា ចាប់តាំងពីបុរសនោះត្រូវបានឃុំឃាំងអស់រយៈពេល ២ខែរួចហើយ ដូច្នេះ រូបគេនឹងត្រូវអនុវត្តទោសតែ ២ខែទៀតប៉ុណ្ណោះ ក្នុងចំណោម ៤ខែនៃការកាត់ទោសរបស់ខ្លួន។
ការិយាល័យនាយករដ្ឋមន្ត្រីដាណឺម៉ាកបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងការសម្រេចក្ដីនេះ៕