កំពង់ស្ពឺ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនជិត ២ម៉ឺនបណ្ណ ដល់ពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ក្នុងភូមិចំនួន៣០ ស្ថិតនៅឃុំអង្គពពេល និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋទាំងជាង ១ម៉ឺនគ្រួសារ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនេះមាន ១៩ ៨៤០បណ្ណ ស្មើនឹង១០ ៧៥៨គ្រួសារ ក្នុងនោះឃុំវាល មាន២២ភូមិ សរុប១៤ ៤៧៦បណ្ណ ស្មើនឹង ៧ ៤១៧គ្រួសារ និងនៅឃុំអង្គពពេល មាន៨ភូមិ សរុប ៥ ៣៦៤ បណ្ណ ស្មើនឹង ៣ ៣៤១ គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះមន្ត្រីក្រុមការងារទាំងអស់ ដែលបានស្ម័គ្រចិត្តមកបំពេញបេសកកម្មវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដោយលទ្ធផលទទួលបាននាពេលនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី ក្រុមការងារជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមសហការអនុវត្តកិច្ចការងារ ដ៏មានសារៈសំខាន់នេះ ឱ្យសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស ។
ឯកឧត្តមបានបន្តថា ការលះបង់កម្លាំងកាយកម្លាំងចិត្ត របស់មន្ត្រីក្រុមការងារ និងអាជ្ញាធរទាំងអស់ គឺបានបន្សល់ទុកនូវអនុស្សាវរីយ៍មួយដ៏ធំ សម្រាប់អ្នកខេត្តកំពង់ស្ពឺ និងសម្រាប់ខ្លួនឯងផ្ទាល់ក្នុងជីវិតការងារ ដែលបានចូលរួមចំណែក សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្រប់គ្រង និងនូវអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាត់បន្ថយវិវាទឲ្យកាន់តែមានប្រសិទ្ធភាព ខណៈការវាស់វែងដីធ្លីចុះជាប្រព័ន្ធនៅសល់ប្រមាណតែ ១,៥លានក្បាលដីទៀតប៉ុណ្ណោះ ហើយអាចនឹងបញ្ចប់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីចំនួន ៣ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លី ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕ អត្ថបទ បាន សុខរិទ្ធិ









