យោងតាមអង្គការសិទ្ធិមនុស្ស Provea មនុស្សសរុបចំនួន ២៤ នាក់បានស្លាប់ក្នុងការតវ៉ា ឈានដល់ហិង្សា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានគ្របដណ្ដប់ដោយការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត និងភាពតានតឹងខ្លាំងជាមួយបណ្ដាប្រទេសជាច្រើន។

យោងតាមអង្គការសិទ្ធិមនុស្ស Human Rights Watch ក៏មានរបាយការណ៍គួរឱ្យជឿជាក់នៃការស្លាប់មនុស្សចំនួន ២៤ នាក់ ផងដែរ ក្នុងអំឡុងពេលបាតុកម្មនានា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនជាច្រើននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានធ្វើបាតុកម្មប្រឆាំងនឹងអ្វីដែលពួកគេជឿថាជាការបោះឆ្នោតក្លែងក្លាយ។
យោងតាមតួលេខរបស់រដ្ឋាភិបាល ក្រុមអាជ្ញាធរបានបង្រ្កាបដោយហិង្សា ហើយមានមនុស្សជាង ២ ពាន់នាក់ត្រូវបានចាប់ខ្លួនរហូតមកដល់ពេលនេះ ។

ក្រោយកងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ាបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ រដ្ឋាភិបាលរបស់លោក Maduro បានហៅជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Nicolás Maduro បានស្ដីបន្ទោសភាពរំជើបរំជួលនេះលើការឃុបឃិតគ្នារបស់ក្រុមស្ដាំនិយមជ្រុល ខណៈគេមើលឃើញថា ប្រទេសនេះ កំពុងស្ថិតក្នុងភាពឯការកាន់តែខ្លាំង។
ក្នុងអំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង ការ៉ាកាស លោក Maduro បានសន្យា "ដាក់ទណ្ឌកម្មជាអតិបរមា" និងបានចោទប្រកាន់អ្នកជាប់ឃុំពីបទប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
មេដឹកនាំសង្គមនិយមរូបនេះ បាននិយាយនៅចំពោះមុខក្រុមអ្នកគាំទ្រថា ពេលនេះនឹងមិនមានការលើកលែងទោសទេ៕