ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ (០៧ សីហា) បានប្រយុទ្ធទប់ទល់នឹងការលុកលុយឆ្លងព្រំដែនដ៏ធំពីអ៊ុយក្រែន សម្រាប់ថ្ងៃទីពីរ ដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើទឹកដីរុស្ស៊ី ដោយកងកម្លាំងអ៊ុយក្រែន ក្នុងរយៈពេលជាច្រើនខែ ដែលបានជំរុញឱ្យប្រទេសទាំងពីរជម្លៀសជនស៊ីវិលរាប់ពាន់នាក់។

ភាពអាសន្នត្រូវប្រកាសនៅក្នុងតំបន់ ឃើកស្ក៍ (Kursk) នៃប្រទេសរុស្ស៊ី នៅល្ងាចថ្ងៃពុធនោះ រយៈពេល ៣៦ម៉ោងបន្ទាប់ពីទាហានអ៊ុយក្រែន រថក្រោះ និងរថពាសដែក បានសម្រុកចូលទៅក្នុងតំបន់ព្រំដែនភាគខាងលិចមួយនេះ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា អ៊ុយក្រែនបានវាយលុកអគារស៊ីវិល ខណៈដែលប្រមុខទ័ពរបស់រុស្ស៊ី បានប្តេជ្ញាថានឹងបំផ្លាញការលុកលុយនេះ។

អាជ្ញាធរនៅក្នុងតំបន់ ស៊ូមី (Sumy) ភាគឦសាននៃប្រទេសអ៊ុយក្រែន ដែលឆ្លងកាត់ព្រំដែនពីទីក្រុង Kursk បានប្រកាសថា ពួកគេកំពុងជម្លៀសមនុស្សប្រហែល ៦.០០០នាក់ ដោយមិនបានបញ្ជាក់លម្អិត។ មនុស្សជាច្រើនពាន់នាក់ទៀតក៏ត្រូវបានជម្លៀសចេញពីតំបន់ Kursk របស់រុស្ស៊ីផងដែរ។

ប្រធានបុគ្គលិករុស្ស៊ី លោក វ៉ាលើរី ជើរ៉ាស៊ីមូវ (Valery Gerasimov) បាននិយាយថា អ្នកប្រយុទ្ធចំនួន ១.០០០នាក់មកពីអ៊ុយក្រែន បានចូលរួមក្នុងការវាយលុកនេះ ហើយកងកម្លាំងរុស្ស៊ី បានបញ្ឈប់ពួកគេមិនឱ្យជ្រៀតចូលទៅក្នុងតំបន់ Kursk ហើយស្ថានភាពកំពុងស្ថិតក្រោមការគ្រប់គ្រង៕