កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃពុធ (០៧ សីហា) បានចេញបញ្ជាជម្លៀសថ្មីដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ភាគខាងជើងហ្កាហ្សា ដែលស្ថិតក្នុងចំណោមការវាយប្រហារដំបូងគេនៅដើមសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែតជាថ្មីចូលទៅក្នុងទឹងដីអ៊ីស្រាអែល។

អ្នកនាំពាក្យកងទ័ព លោក អាវីឆាយ អាដ្រែ (Avichay Adraee) បានបង្ហោះបទបញ្ជាជម្លៀសនេះសម្រាប់ស្រុកមួយចំនួននៅតំបន់ បេត ហានួន (Beit Hanoun) និង បេត ឡាហ៊ីយ៉ា (Beit Lahiya) ជាទីក្រុងចំនួនពីរដែលឥឡូវនេះត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសាររថក្រោះបានចូលវាយលុកនៅទីនោះក្នុងដើមដំបូងនៃប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល។

លោក Adraee បាននិយាយនៅក្នុងសារដែលផ្ញើទៅកាន់ប្រជាជនប៉ាឡេស្ទីនថា «ក្រុមហាម៉ាស និងអង្គការភេរវករកំពុងបាញ់រ៉ុក្កែតចេញពីតំបន់ទាំងនោះឆ្ពោះទៅកាន់រដ្ឋអ៊ីស្រាអែល ហើយកងទ័ពនឹងធ្វើសកម្មភាពដ៏ខ្លាំងក្លា និងភ្លាមៗប្រឆាំងនឹងពួកគេ។ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកស្រុកត្រូវជម្លៀសភ្លាមៗទៅកាន់ជម្រកនៅកណ្តាលទីក្រុងហ្កាហ្សា»។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សារាប់សិបនាក់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកាលពីថ្ងៃពុធបាននិយាយថា កងទ័ពបានវាយលុកទីតាំងផលិតអាវុធនៅក្នុងតំបន់ ឌើ អាល់បាឡា (Deir al-Balah) នៅកណ្តាលហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនភៀសខ្លួនរាប់ម៉ឺននាក់ស្វែងរកទីជម្រក៕