ស្ថាប័នផ្តល់ប្រឹក្សាជនជាតិជ្វីហ្វ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៨ សីហា) នេះថា ចក្រភពអង់គ្លេសបានមើលឃើញឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជីហ្វស្ទើរតែ ២.០០០ករណីនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដែលជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំណាៗទាំងអស់។

អង្គភាព ទំនុកចិត្តសុវត្ថិភាពសហគមន៍ (CST) ដែលផ្តល់ដំបូន្មានដល់ជនជាតិជ្វីហ្វប្រមាណ ២៨០.០០០នាក់នៅចក្រភពអង់គ្លេសអំពីបញ្ហាសន្តិសុខ បាននិយាយថា ជាងពាក់កណ្តាលនៃឧប្បត្តិហេតុដែលបានកត់ត្រាទាងនោះគឺទាក់ទងទៅនឹងអ៊ីស្រាអែល តំបន់ហ្សា ក្រុមហាម៉ាស ឬជម្លោះនាពេលបច្ចុប្បន្ននៅក្នុងតំបន់។

ទីភ្នាក់ងារ CST បាននិយាយថា នៅចន្លោះខែមករា ដល់ខែកក្កដា មានឧប្បត្តិហេតុនៃការប្រឆាំងសាសនាចំនួន ១.៩៧៨ករណី ដែលច្រើនជាងទ្វេរដងនៃតួលេខដែលបានរាយការណ៍ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថាប័ននេះបានបន្តថា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឧប្បត្តិហេតុតាមអ៊ីនធឺណិត និងការស្អប់ខ្ពើមប្រឆាំងនឹងសាសន៍ជី្វហ្វ ដែលទាក់ទងនឹងសាលារៀនផងដែរ។

នៅក្នុងខែកុម្ភៈ CST បាននិយាយថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏អាក្រក់បំផុតនៃការប្រឆាំងជនជាតិជី្វហ្វនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីខ្លួនបានចាប់ផ្តើមកត់ត្រាទិន្នន័យ បន្ទាប់ពីកំណើននៃការស្អប់ខ្ពើមបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដោយក្រុមហាម៉ាស។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានផ្តល់មូលនិធិសប្បុរសធម៌បន្ថែមចំនួន ៣លានផោន (៣,៨ លានដុល្លារ) ដើម្បីជួយផ្តល់ការធានាសន្តិសុខនៅស្ថាប័នជ្វីហ្វនានក្នុងប្រទេស៕