អូស្ត្រាលីឈ្នះមេដាយមាសដល់ទៅបួនគ្រឿងបន្ថែមដើម្បីបន្តឈរនៅចំណាត់ថ្នាក់លេខ៣ ចំណែកអាមេរិក និងចិនឈ្នះមេដាយកម្រិតខ្ពស់ជាងគេនេះបន្ថែមបីគ្រឿងរៀងខ្លួនៗ ឈរនៅលំដាប់ទី១ និងទី២រៀងគ្នា ថ្ងៃប្រកួតទី១២ (៧ សីហា ២០២៤)។
អូស្ត្រាលីដណ្តើមបានលើប្រភេទកីឡាទូកក្តោង ស្កេតបត ប្រណាំងកង់ក្នុងសាល និងអត្តពលកម្ម។
មេដាយមាសបីគ្រឿងរបស់អាមេរិកកើតឡើងពីកីឡាអត្តពលកម្ម ប្រណាំងកង់ក្នុងសាលនារី និងកីឡាចំបាប់។ ឯចិនឈ្នះមេដាយមាសបីគ្រឿងទៀតពីកីឡា លើកទម្ងន់ពីរគ្រឿង និងហែលទឹក (artistic swimming)។
ប្រទេសផ្សេងទៀតដែលឈ្នះមេដាយមាសបន្ថែមមាន អ៊ុយក្រែន ម៉ារ៉ុក កូរ៉េខាងត្បូង ហ្សាម៉ាអ៊ឹក អ៊ីរ៉ង់ ជប៉ុន ប៉ូឡូញ ហូឡង់ និងអេស្ប៉ាញ។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែសីហា អាស៊ានដណ្តើមបានមេដាយសរុប ១២គ្រឿង (មាស៣ ប្រាក់២ សំរឹទ្ធ៧) ធ្វើបានដោយប្រទេសហ្វីលីពីន ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
កីឡាដែលត្រូវប្រកួតដណ្តើមមេដាយថ្ងៃប្រកួតទី១៣នេះគឺ ហែលទឹកចម្ងាយឆ្ងាយ ទូកក្តោង ឡើងភ្នំ ទូកកានូ ហុកគី លោតទឹក លើកទម្ងន់ បាល់ទាត់ កង់ក្នុងសាល តេក្វាន់ដូ អត្តពលកម្ម និងប្រដាល់។ អូឡាំពិកទីក្រុងប៉ារីស នឹងបញ្ចប់នៅចុងសប្តាហ៍នេះ៕





