ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ បានអនុម័តគម្រោងថ្មីចំនួន ៤១ និងគម្រោងពង្រីកផលិតកម្មចំនួន ៣ មានទុនវិនិយោគសរុបប្រមាណជាង ៣៩៦ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនេះ នឹងបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កក្កដា ឆ្នាំ២០២៤ នេះ មានចំនួន ៤១ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៣៩៦ លានដុល្លារអាម៉េរិក នៅក្នុងចំណោមគម្រោងវិនិយោគសរុបនេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ៣១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣ គម្រោង។
ចំណែកគម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំខែ កក្កដារួមមាន៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំង ស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ២១ លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបន្ថែមបានចំនួន ៧៤ កន្លែង។
ចំពោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង មានទីតាំងស្ថិត នៅភូមិអូរជ្រៅ ភូមិផ្លោង នៃឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ១០០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣១ កន្លែង។ ដោយឡែកគម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុ កែច្នៃចំណីអាហារ (Galatin) វិញ, មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។
គួរបញ្ជាក់ថា ក្នុងខែ កក្កដា ឆ្នាំ ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ១៤ ភាគរយ នៃទុនវិនិយោគសរុប៕ អត្ថបទ៖ សុន រ៉ាឌី


