សេវាបម្រែបម្រួលអាកាសធាតុ ខនភើនីខឺស (Copernicus) របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៨ សីហា) នេះថា ខែកក្កដា គឺជាខែដែលក្តៅបំផុតទីពីរសម្រាប់ភពផែនដី ដោយនេះបានបំបែកកំណត់ត្រារយៈពេល ១៣ខែជាប់គ្នាដែលក្ដៅបំផុត នៅពេលខែនីមួយៗមានអាកាសក្តៅខ្លាំងដែលត្រូវបានដុតបញ្ឆេះដោយផ្នែកពីកម្ដៅដោយសារបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)។

ទីភ្នាក់ងារ Copernicus បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែមួយថា ខែកក្កដានេះមានសីតុណ្ហភាពមធ្យម ១,៤៨អង្សាសេ លើសពីឯកសារយោងមុនឧស្សាហកម្មឆ្នាំ១៨៥០-១៩៩០ ខណៈរយៈពេល ១២ខែចុងក្រោយបន្ទាប់មកទៀតគឺមានកម្រិត ១,៦៤អង្សាសេ លើសពីតួលេខកម្រិតមធ្យមមុនឧស្សាហកម្ម ដោយសារបម្រែបម្រួលអាកាសធាតុ ហើយខែកក្កដានេះក៏បានកត់ត្រាថ្ងៃក្តៅបំផុតរបស់ខ្លួនចំនួនពីរផងដែរ។

ជារៀងរាល់ខែចាប់ពីខែមិថុនា ឆ្នាំ២០២៣មក បានជាប់ជារយៈពេលក្តៅបំផុតជាប់ៗគ្នាចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនៗ។
សេវាបម្រែបម្រួលអាកាសធាតុនេះសន្មតថា សីតុណ្ហភាពខ្ពស់ភាគច្រើនមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឧស្សាហកម្មផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយបានកត់សម្គាល់ថា មហាសមុទ្រដែលជាធម្មតាមិនត្រូវបានប៉ះពាល់ដោយបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ មើលឃើញមានការកើនឡើងនៃសីតុណ្ហភាពយ៉ាងខ្លាំង។

សីតុណ្ហភាពលើសកម្រិតមធ្យម ត្រូវបានកត់ត្រានៅអឺរ៉ុបភាគខាងត្បូង និងខាងកើត, ភាគខាងលិចសហរដ្ឋអាមេរិក ភាគខាងលិចកាណាដា ផ្នែកភាគច្រើននៃទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី និងភាគខាងកើតតំបន់អង់តាក់ទិក។ ចំណែកសីតុណ្ហភាពក្បែរ ឬទាបជាងមធ្យម ត្រូវបានគេឃើញនៅភាគពាយព្យអឺរ៉ុប ភាគខាងលិចតំបន់អង់តាក់ទិក ផ្នែកខ្លះនៃសហរដ្ឋអាមេរិក អាមេរិកខាងត្បូង និងអូស្ត្រាលី៕