នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ Informa Markets Cambodia ទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ស្ថិតក្រោមឈ្មោះ AMB Tarsus Exhibitions (Cambodia) Pte Ltd) គ្រោងនឹងរៀបចំពិព័រណ៍ B2B ផ្នែកវិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចកំពូលរបស់កម្ពុជា រួមជាមួយការប្រកួតប្រជែងចំអិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
លោកស្រី Alice Lam នាយកគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចកំពូលរបស់កម្ពុជា (CAMFOOD & CAMHOTEL) នៅរសៀលថ្ងៃទី៧ ខែសីហា បានមានប្រសាសន៍ថា ពិព័រណ៍នេះ នឹងរៀបចំឡើងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលនឹងមានក្រុមហ៊ុនដាក់តាំងជាង១៥០ ជាមួយអ្នកទស្សនាជាង ១២,០០០នាក់ ត្រូវបានរំពឹងថា នឹងចូលរួមកម្មវិធីនេះ។ លោកស្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះដែរ ឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំ និងសក្ដានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា។ បន្ថែមពីនេះ នឹងក្លាយជាមជ្ឈមណ្ឌល ដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជា ជាមួយនិន្នាការនៃការវិត្តន៍នៃវិស័យ បដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ននិងអនាគត។
លោកស្រី បានបន្ថែមថា ការតាំងពិព័រណ៍នេះដែរ នឹងផ្តល់នូវវេទិកាដ៏ទូលំទូលាយមួយសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្ម ដើម្បីបង្ហាញផលិតផល ប្រភពអ្នកផ្គត់ផ្គង់ថ្មី និន្នាការ និងបង្កើតទំនាក់ទំនងអាជីវកម្មសំខាន់ៗសម្រាប់អាជីវកម្មគ្រប់ទំហំ បង្កើតឱកាស និងបណ្តាញទំនាក់ទំនង រវាងភាគីរោងចក្រ អ្នកចែកចាយ និងដៃគូដែលមានសក្តានុពល។
នាឱកាសនេះ លោក លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានមានប្រសាសន៍ថា វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នឹងមានកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះ ជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយ មុខម្ហូបខ្មែរលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចកំពូលរបស់កម្ពុជានាពេលខាងមុខនេះ ក៏នឹងមានរៀបចំការប្រកួតប្រជែងចំអិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិផងដែរ។ សូមជម្រាបជូនទៀតថាក្រោយចប់សន្និសីទសារព័ត៌មាន ក៏មានពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងសហព័ន្ធទេសចរណ៍កម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍ INFORMA MARKETS។ MOU នេះជាគំនិតផ្តួចផ្តើមរួមគ្នា ដែលផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររួមគ្នា ដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចលំប្រទេសកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី







