លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ថ្លែងថា ព្រែកជីកហ្វូណនតេជោនឹងជួយដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។
បន្ទាប់ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរបានអបអរសាទរលើគម្រោងព្រែកជីកហ្វូណនតេជោដែលបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី៨ ខែសីហានេះថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងដ៏មានសក្តានុពលសម្រាប់ទាំងកម្ពុជា និងក្នុងតំបន់ ព្រមទាំងសម្រាប់ប្រជាជាតិទាំងមូលដែលនាំមកនូវភាពរុងរឿង និងសន្តិភាព។
លោកជំទាវ ឯកអគ្គរដ្ឋទូត បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនឹងក្លាយចលករជួយការដល់រីកចម្រើនពាណិជ្ជកម្មរបស់កម្ពុជា ហើយលោកជំទាវសង្ឃឹមថាតាមរយៈគម្រោងនេះនឹងរួមចំណែកដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ហ្វីលីពីនបន្ថែមទៀត។
សូមជម្រាបថា ក្នុងឱកាសពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ មហាជនគ្រប់មជ្ឈដ្ឋាន គាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ហើយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕
អត្ថបទ សេក ឧត្តម



