កំពង់ឆ្នាំង៖ សំណុំរឿងកាប់បំផ្លាញព្រៃឈើ២ហិកតា និងហ៊ុមរបងយកដី២០ហិកតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅចំណុច៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងកោះហៅអាជ្ញាធរភូមិឃុំស្រុកមកសាកសួរបន្ត ។ នេះបើតាមការបញ្ជាក់ពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ ។
លោក យ៉ែម លក្ខិណា បានបន្តថា ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងយកចិត្តទុកដាក់បន្តនីតិវិធីយ៉ាងខ្លាំងពាក់ព័ន្ធសំណុំរឿងជនសង្ស័យចូលទន្ទ្រានកាប់បំផ្លាញព្រៃឈើអស់២ហិកតា និងហ៊ុមព័ទ្ធយកដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ។ ចំណែកអាជ្ញាធរស្រុក ឃុំ និងភូមិវិញ នឹងត្រូវចូលមកបំភ្លឺក្នុងថ្ងៃនេះ និងថ្ងៃស្អែក ព្រោះទីតាំងដែលជនសង្ស័យប្រព្រឹត្តិបទល្មើសនោះ តំណាងអយ្យការ បានទៅឃើញផ្ទាល់ហើយ។
គួរបញ្ជាក់ថា៖ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីជនសង្ស័យជាច្រើនរូប បាន និងកំពុងប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ មានទាំងការឈូសបំផ្លាញព្រៃឈើធំៗក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំកង្រី និងភ្នំទូកមាស, ឈូសបំផ្លាញព្រៃលិចទឹកយកដីក្នុងតំបន់៣, ឈូសបំផ្លាញព្រៃលិចទឹកក្នុងតំបន់២យកដី ក្នុងពេលស្រុកកំពង់លែង ត្រូវបានប្រមុខរដ្ឋាភិបាល បាន និងកំពុងអោយពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធផងដែរ។ ករណីសំណុំកាប់បំផ្លាញព្រៃឈើ២ហិកតា និងធ្វើរបងព័ទ្ធយកដីព្រៃអស់ជិត២០ហិកតានេះ តំណាងអយ្យការបានស្គាល់ជនសង្ស័យដែលបានប្រព្រឹត្តិទង្វើរល្មើសនេះហើយ បានស្គាល់ទាំងតាំងរស់នៅពិតប្រាកដ និងបានកោះហៅមកសាកសួរ១លើករួចហើយ។
ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងរង់ចាំមើលនីតិវិធីរបស់តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង អាចចាត់ការទៅលើជនសង្ស័យនោះបានឬអត់? ឬមួយជនសង្ស័យរូបនោះអាចរួចខ្លួនពីសំណាញ់ច្បាប់ ព្រោះសំណុំរឿងនេះ ខាងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបង្ហាញពីកំហុសរបស់ជនសង្ស័យហើយ ៕ កាំង ហុងវាស្នា




