ក្រោយពីក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA មក បណ្តានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជំរុញយុវជនជំនាន់ក្រោយនាំគ្នាសិក្សាស្វែងយល់អំពីគម្រោងអភិវឌ្ឍ CLV-DTA ឱ្យបានច្បាស់លាស់ ខណៈពលរដ្ឋបណ្តាខេត្តទាំងបួននោះកំពុងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងអភិវឌ្ឍនេះលើផ្នែកសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ជាដើម។
បណ្តានិស្សិតទំនាក់ទំនងអន្តរជាតិ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៨ ខែសីហានេះថា នៅក្នុងដំណើរការសិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ និងការទូត ពួកគេក៏បានលើកយកករណីទំនាក់ទំនង CLV-DTA មកសិក្សាផងដែរ ក្នុងនោះបានពិនិត្យឃើញថា ទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការ CLV –DTA នេះគឺបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ខេត្តទាំងបួន មានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស គឺក៏ធសនាធ្វើឲ្យខ្សែបន្ទាត់ព្រំដែននៃខេត្តកម្ពុជាទាំងបួនដែលជាប់ជាមួយប្រទេសជិតខាង មានភាពរឹងម៉ាំ និងក្លាយជាបង្គោលព្រំដែនសន្តិភាព និងមានការទទួលស្គាល់គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLV DTA លើកទី១២ នៅចុងឆ្នាំនេះ បន្ទាប់ប្រទេសឡាវ ធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ របស់ CLV DTA រួចហើយ។ ទំនាក់ទំនងកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ឬហៅកាត់ថា CLV-DTA ប្រមុខថ្នាក់ដឹកនាំប្រទេសទាំងបីបានឯកភាពបង្កើតនៅឆ្នាំ១៩៩៩ ហើយបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ CLV-DTA លើកទី៩ បានសង្កត់ធ្ងន់ថា តំបន់ CLV-DTA បានប្រែក្លាយពីតំបន់អភិវឌ្ឍន៍តិចតួចទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចល្អ ហើយសម្តេចបានលើកជាឧទាហរណ៍ គឺប្រាក់ចំណូលពលរដ្ឋម្នាក់ៗក្នុង១ឆ្នាំ គឺបានកើនពី២៩៤ដុល្លារ ដល់ ១៣០០ ដុល្លារ ហើយនឹងបន្តកើនរហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ ស៊ុម សុខជា




