នគរបាលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងដែនដីអង់គ្លេស កាលពីថ្ងៃពុធ (០៧ សីហា) ស្របពេលមានការភ័យខ្លាចនៃការរំខានបន្ថែមទៀតជាថ្មី ខណៈក្រុមបាតុករប្រឆាំងការរើសអើងជាតិសាសន៍រាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវក្នុងទីក្រុង និងទីប្រជុំជនអង់គ្លេសកាលពីល្ងាចថ្ងៃពុធដដែលនេះ ក្នុងការបង្ហាញសាមគ្គីភាពជាមួយជនជាតិភាគតិច ប៉ុន្តែមានឧប្បត្តិហេតុធ្ងន់ធ្ងរតិចតួចប៉ុណ្ណោះនៅក្នុងបាតុកម្មទាំងនោះ។

ឧបនាយករដ្ឋមន្ត្រី លោកស្រី អែនជែលឡា រ៉ាយនើ (Angela Rayner) បាននិយាយថា «មិនត្រូវយកលេសធ្វើអំពើចោរកម្មក្នុងភាពចលាចលនេះទេ» ហើយថានគរបាល និងតុលាការបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយជាមួយបាតុករ។ ការចាប់ខ្លួនជាង ៤០០នាក់ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងកុបកម្មនេះ ហើយយ៉ាងហោចណាស់មនុស្ស ១៤០នាក់ត្រូវបានចោទប្រកាន់ ដោយខ្លះត្រូវបានកាត់ទោស និងដាក់ទោសរួចហើយ។
ទាំងរដ្ឋាភិបាល និងនគរបាល នឹងឃ្លាំមើលយ៉ាងដិតដល់លើស្ថានការណ៍នេះ ដោយផ្តោតលើការចាប់ខ្លួន និងចំណាត់ការយ៉ាងរហ័សរបស់តុលាការចំពោះជនសង្ស័យ។ អាជីវកម្មនានាបានបិទទ្វារនៅព្រឹកថ្ងៃពុធ ខណៈមន្ត្រីនគរបាលរាប់ពាន់នាក់បានត្រៀមទប់ស្កាត់បញ្ហាសណ្តាប់ធ្នាប់បន្ថែមទៀត ដោយមានការតវ៉ាប្រហែល ១០០កន្លែងត្រូវបានគេគិតថានឹងកើតឡើង។
ក្រុមបាតុករទាំងនោះបានចេញតវ៉ា បន្ទាប់ពីកុបកម្មប្រឆាំងជនអន្តោប្រវេសន៍មួយសប្តាហ៍ ដែលបង្កឡើងដោយព័ត៌មានមិនពិតជុំវិញការចាក់សម្លាប់នៅទីក្រុង សៅផត (Southport) កាលពីថ្ងៃទី២៩ ខែកក្កដា៕