នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រារព្ធទិវាអាស៊ានលើកទី៥៧ ជាមួយបណ្ដាទូតបរទេសនានាប្រចាំនៅកម្ពុជា។
ពិធីនេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតរបស់បណ្ដាប្រទេសនានាប្រចាំកម្ពុជា។
នាងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីការដឹកនាំ និងគោលការណ៍នៃប្រទេសរបស់បណ្ដាសមាជិកអាស៊ានមិនដូចគ្នា ប៉ុន្តែគោលការណ៍របស់អាស៊ានទាំងអស់គ្នា គឺត្រូវជួយគ្នាទៅវិញទៅមក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកអាស៊ានឆ្នាំ១៩៩៩ កម្ពុជាបានរួមចំណែកក្នុងការដាក់ចេញនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ឯកឧត្តម បញ្ជាក់ថា កម្ពុជាបានបំពេញតួនាទីក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងមកនេះរាប់តាំងពីឆ្នាំ២០០២ មករហូតដល់ឆ្នាំ២០២២។ លើសពីនេះកម្ពុជាក្នុងនាមជាសមាជិកអាស៊ាន មានការទទួលខុសត្រូវខ្ពស់ចំពោះការគោរពលើគោលការណ៍របស់អាស៊ានក្នុងការពង្រឹងសន្តិសុខ វិបុលភាព ស្ថិរភាព និងការអភិវឌ្ឍ៕ អត្ថបទ សេក ឧត្តម





