លោកស្រី ពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានគណៈកម្មការបាល់ទាត់នារី បានដាក់ក្ដីរំពឹងថា ការចាប់ផ្ដើមឡើងវិញ នៃលីគបាល់ទាត់នារី នឹងចម្រាញ់បាននូវធនធានកីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិនានា បន្ទាប់ពីក្រុមជម្រើសជាតិនារីកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០២៣។
ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីសិក្ខាសាលាផ្សព្វពផ្សាយពីច្បាប់ប្រកួត និងចាប់ឆ្នោត នៃការប្រកួតបាល់ទាត់ «ខេមបូឌានលីគនារី» ឆ្នាំ២០២៤/២៥ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី១៧ ខែសីហាខាងមុខ ដោយមានក្លិប សមាគម មន្ទីរ និងអង្គការចូលរួមសរុបចំនួន ១០ក្រុម ។
មន្ដ្រីសហព័ន្ធដដែលបន្ដថា ទោះបីលីគនារី ខកខានរៀបចំជិត ៣ឆ្នាំមកហើយក្ដី ប៉ុន្ដែសហព័ន្ធមិនបានបោះបង់ការអភិវឌ្ឍនោះទេ ពិសេសមោទនភាពមិនអាចបំភ្លេចបាន ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើបានយ៉ាងល្អឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង បានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធខិតខំ ដើម្បីរៀបចំការប្រកួតកម្រិតខ្ពស់នេះឡើងវិញ ។
លោកស្រី ពុធ ធីតា បានដាក់ក្ដីសង្ឃឹម តាមរយៈការប្រកួតខេមបូឌានលីគនារីនេះដែរ នឹងអាចចម្រាញ់បាននូវកីឡាការិនីខ្លាំងៗ ដើម្បីក្រុមជម្រើសជាតិនារីកម្ពុជា ត្រៀមការប្រកួតប្រជែងក្នុងក្របខណ្ឌអន្ដរជាតិនានា នៅថ្ងៃអនាគត ពិសេសការត្រៀមលក្ខណៈចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ AFF Women Cup ឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឡាវ នាខែវិច្ឆិកាខាងមុខ ។
ដូច្នេះលោកស្រីបានជំរុញ និងលើកទឹកចិត្តដល់បណ្ដាសមាគម ក្លិប មន្ទីរ និងអង្គការចូលរួមទាំងអស់ ពិសេសកីឡាការិនីផ្ទាល់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អជូនក្រុមរៀងៗខ្លួន ក៏ដូចជាមានឱកាសជាប់ជម្រើសជាតិត្រៀមចូលរួមការប្រកួតអន្ដរជាតិនានាផង។
គួរដឹងថា ក្រោយពិធីចាប់ឆ្នោតបែងចែកគូប្រកួតរួចរាល់ សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១ នៃលីគនារី រដូវកាលថ្មី នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្នុងចំណោម ១០ក្រុម រួមមាន៖ ក្រុមព្រះខ័នរាជស្វាយរៀង ជួបខេត្តកំពង់ធំ, សមាគមក្លិបបាល់ទាត់មីស្ទើរលេង ជួបក្រុមវិសាខា, ក្រុម សលត៍ ខេត្តបាត់ដំបង ជួបក្រុមសៀមរាបអេហ្វស៊ី, ក្រុមបឹងកេត ជួបខេត្តកំពង់ឆ្នាំង និងក្រុមជើងឯកឆ្នាំ២០២១ ភ្នំពេញក្រោន ជួបក្រុមជើងឯករង ណាហ្គាវើលដ៏ ៕ អត្ថបទ លី ឈុនឡា






