រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ៉េណេស៊ុយអេឡា លោក តារ៉េក សាអាប (Tarek Saab) បាននិយាយកាលពីថ្ងៃពុធ (០៧ សីហា) ថា លោកនឹងបើកការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើស្ថាប័នផ្សព្វផ្សាយរបស់គេហទំព័រមួយ ដែលបង្ហាញពីតួលេខសន្លឹកឆ្នោតដែលប្រមូលបានដោយក្រុមបក្សប្រឆាំងរបស់ប្រទេស ក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសថ្ងៃទី២៨ ខែកក្កដា។

លោក Saab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលើកឡើងពីការក្លែងបន្លំឯកសារសាធារណៈ ឧក្រិដ្ឋកម្មកុំព្យូទ័រ និងការឃុបឃិតគ្នាថា «ក្រសួងបានសម្រេចចិត្តបើកការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការចេញផ្សាយ និងគ្រប់គ្រងគេហទំព័រនោះ»។

ក្រុមប្រឹក្សាបោះឆ្នោតរបស់វេណេស៊ុយអេឡា បានប្រកាសថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ជាអ្នកឈ្នះឆ្នោតម្ដងទៀតជាមួយនឹងសំឡេង ៥១ភាគរយ ប៉ុន្តែក្រុមប្រឆាំងនិយាយថា ចំនួនសំឡេងឆ្នោតប្រហែល ៩០ភាគរយបង្ហាញថា បេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ទទួលបានការគាំទ្រច្រើនជាងពីរដងលើលលោក Maduro ស្របតាមការស្ទង់មតិឯករាជ្យដែលបានធ្វើឡើងមុនចេញលទ្ធផល។
ប្រធានក្រុមប្រឹក្សាបោះឆ្នោតវ៉េណេស៊ុយអេឡា លោក អ៊ែលវីស អាម៉ូរ៉ូសូ (Elvis Amoroso) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា ជិត ៩៧ភាគរយនៃសន្លឹកឆ្នោតត្រូវបានបូកសរុប និងបញ្ជាក់ឡើងវិញនូវអ្វីដែលលោកបាននិយាយថា គឺជាជ័យជម្នះរបស់លោកប្រធានាធិបតី Maduro ដែលមានត្រឹមតែក្រោម ៥២ ភាគរយប៉ុណ្ណោះ៕