ព្រះសីហនុ ៖ ដោយមើលឃើញពីការប្រែប្រួលអាកាសធាតុបន្តបន្ទាប់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ដចេញផ្សាយសេចក្ដីជួនដំណឹង ស្ដីពីការព្យាការណ៍ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជាពិសេសខេត្ដតំបន់មាត់សមុទ្រ មានផ្ទៃមេឃអួរអាប់ ពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ទន្ទឹមនឹងនោះនៅក្នុងភូមិសាស្ដ្រ នៃខេត្ដកោះកុង ខេត្ដព្រះសីហនុ និងខេត្ដកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ។ អាស្រ័យស្ថានភពធាតុអាកាស ដូចបានជម្រាបជូន សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងដោយយថាហេតុ។
យោងតាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធ (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្ដិចមកលើប្រទេសកម្ពុជា។
ខ្យល់មូសុងនីរតីបក់ក្នុងល្បឿណមធ្យមតៅបង្គួរ ខ្យល់សមុទ្រ (Sea Breeze) វិសម្ពាធពីរ ដែលស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះកុន សុន (STS CONSON) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមលើ មិនមានឥទ្ធិពលមកលើកម្ពុជាទេ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី២៤ ទៅ ២៦អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣២ ទៅ ៣៤អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ទន្ទឹមនឹងនោះនៅក្នុងភូមិសាស្ដ្រនៃខេត្ដកោះកុង ខេត្ដព្រះសីហនុ និងខេត្ដកំពត ក៍អាចមាននូវជំនន់ទឹកភ្លៀងផងដែរ។
តាមបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី២៣ ទៅ ២៥អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣១ ទៅ ៣៣អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ទន្ទឹមនឹងនោះបណ្ដាខេត្ដមួយចំនួនជាអាទិ៍ ៖ ខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ស្ពី ខេត្ដកណ្ដាល ខេត្ដស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
ចំណែកឯបណ្ដាខេត្ដជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២ ទៅ ២៤អង្សាសេ សីតុណ្ហភាពអតិបរមា ពី២៩ ទៅ ៣១អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីធម្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕
អត្ថបទ ៖ ប៊ុនថា
