ក្រុមប្រដាប់អាវុធហ៊ួទីនៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ បានអះអាងថា ខ្លួនបានវាយប្រហារលើនាវាចម្បាំងពីរគ្រឿងរបស់សហរដ្ឋអាមេរិក និងនាវាពាណិជ្ជកម្មមួយគ្រឿងផ្សេងទៀត នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយប្រើប្រាស់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូនផ្ទុកគ្រាប់បែក។
អ្នកនាំពាក្យយោធាក្រុមហ៊ួទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah ថា៖«យើងបានកំណត់គោលដៅលើនាវា Contship Ono នៅក្នុងសមុទ្រក្រហម ជាមួយនឹងមីស៊ីលបាលីស្ទីក និងយានដ្រូន ហើយការបាញ់ប្រហារនោះ គឺចំគោលដៅជាក់ លាក់។
លោក Sarea បាននិយាយថា៖«យើងបានកំណត់គោលដៅលើនាវាពិឃាតអាមេរិក (ក្រុមហ៊ួទីកំណត់នាវានោះថា Cole) នៅក្នុងឈូងសមុទ្រ Aden ជាមួយនឹងយានដ្រូនជាច្រើនគ្រឿង ហើយប្រតិបត្តិការនេះបានសម្រេចគោលដៅដោយជោគជ័យ»។
លោកបានបន្ថែមថា ក្រុមនេះ ក៏បានកំណត់គោលដៅលើនាវាពិឃាតអាមេរិកផងដែរ (ក្រុមហ៊ួទី បានកំណត់នាវានោះថា Laboon) ជាមួយនឹងមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់។
លោក Sarea បាបញ្ជាក់ថា៖«ការកំណត់គោលដៅលើនាវាពិឃាតអាមេរិកពីរគ្រឿង បានធ្វើឡើង ខណៈពេលដែលពួកគេ កំពុងឆ្លងកាត់តំបន់ប្រតិបត្តិការរបស់យើងឆ្ពោះទៅកាន់សមុទ្រក្រហមភាគខាងជើងដើម្បីផ្តល់ការការពារដល់សត្រូវអ៊ីស្រាអែល»។