សារព័ត៌មាន Politico សរសេរដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា អ៊ីរ៉ង់អាចនឹងគិតឡើងវិញនូវការវាយប្រហារច្រើនគោលដៅលើអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់លោក អ៊ីស្មេល ហានីយេ ប្រធានការិយាល័យនយោបាយនៃចលនាប៉ាឡេស្ទីនហាម៉ាស។
សារព័ត៌មាននេះ បានសរសេរថា៖«មន្ត្រីបាននិយាយថា ពួកគេរំពឹងថា នឹងមានការឆ្លើយតបរបស់អ៊ីរ៉ង់មួយចំនួនចំពោះការសម្លាប់លោក ហានីយេ ប៉ុន្តែថា ទីក្រុងតេអេរ៉ង់ ហាក់ដូចជាបានកែតម្រូវឡើងវិញ ហើយសហរដ្ឋអាមេរិក មិនរំពឹងថា នឹងមានការវាយប្រហារលើអ៊ីស្រាអែល នាពេលខាងមុខនោះទេ»។
យោងតាមសារព័ត៌មាន Politico បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកពីរនាក់ បាននិយាយថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន «បានធ្វើការក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ តាមរយៈបណ្តាញការទូត ដោយនាំយកសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ារបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ ឲ្យពិចារណាឡើងវិញអំពីដំណើរឆ្ពោះទៅមុខជាមួយនឹងការវាយប្រហារយោធាលើអ៊ីស្រាអែល។ សារព័ត៌មាននេះ បានបញ្ជាក់ ដោយដកស្រង់សម្តីមន្ត្រីទាំងនោះថា៖«ទីក្រុងតេអេរ៉ង់កាន់តែយល់ស្របជាមួយនឹងការគិតរបស់ក្រុងវ៉ាស៊ីនតោន ទោះបីជាដំបូងពីដំបូងខ្លួន បានបដិសេធគំនិតនោះក៏ដោយ»។