ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” (គ.ច.យ.ខ.ព) បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាឱកាសគាស់រំលើងយុទ្ធគុនបុរាណខ្មែរគ្រប់ទម្រង់ឡើងវិញ ដើម្បីបន្ដការអភិរក្ស និងអភិវឌ្ឍន៍យូរអង្វែងតទៅមុខទៀត ។
ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីប្រកាសផ្លូវការអំពីកាលបច្ចេទប្រកួត ក៏ដូចជាផ្សព្វផ្សាយនូវព័ត៌សំខាន់ៗ ពាក់ព័ន្ធនឹងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។ ដោយហេតុនេះ ឯកឧត្តមបានអំពាវនាវដល់អ្នកហាត់ក្បាច់គុនបុរាណខ្មែរទាំងអស់ ពិសេចាស់ព្រឹទ្ធាចារ្យ នៅតាមសហគមន៍ទូទាំងប្រទេស ចុះឈ្មោះចូលរួមឲ្យបានច្រើន ដើម្បីបង្ហាញ ក៏ដូចជាចូលរួមអភិរក្ស និងអភិរក្សនូវក្បាច់គុនមរកតដូនតាខ្មែរទាំងអស់គ្នា ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាអនុប្រធានគណៈកម្មការអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច ក៏បានផ្ដល់នូវព័ត៌មានសំខាន់ជាច្រើន ពិសេសពាក់ព័ន្ធនឹងបទបញ្ជាការប្រកួត ដោយឯកឧត្តមបានពន្យល់ច្បាស់ អំពីការបង្កើតនូវបទបញ្ជាថ្មី និងមានលក្ខណៈវិទ្យាសាស្ដ្រកីឡា សម្រាប់អនុវត្តក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដោយបើកឲ្យអ្នកហាត់គុនខ្មែរបុរាណគ្រប់ទម្រង់ និងគ្រប់ប្រភេទ ចូលរួមដោយសេរី ។
គួរដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅថា សម្ដេចបានផ្ដួចផ្ដើម និងអនុញ្ញាតជាគោលការណ៍ឲ្យមានរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីដណ្ដើមពានរង្វាន់សម្ដេចធិបតី រៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមានយុទ្ធគុនបុរាណដ៏សម្បូរបែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន មិនមែនមានក្បាច់គុនបុរាណត្រឹម ២ ឬ ៣ នោះទេ៕ អត្ថបទ លី ឈុនឡា








