អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងវ៉ាស៊ីនតោន មិនដាក់កម្រិតលើការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ពី សហរដ្ឋអាមេរិក ដោយអ៊ុយក្រែនក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ Kursk ព្រំដែនរបស់ប្រទេសរុស្ស៊ីនោះទេ។
នៅពេលសួរថាតើអ៊ុយក្រែនអាចប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅតំបន់ Kurskដែរឬទេ លោក Miller បាននិយាយថា៖«ខ្ញុំនឹងឆ្លើយវាតាមវិធីនេះ។ ពុំមានអ្វីត្រូវផ្លាស់ប្តូរគោលនយោបាយរបស់យើងទេ ហើយជាមួយនឹងសកម្មភាពដែលពួកគេកំពុងធ្វើនៅថ្ងៃនេះ ពួកគេ មិនបានរំលោភលើគោលនយោបាយរបស់យើងទេ»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ិនខិន (Antony Blinken) បានបញ្ជាក់កាលពីថ្ងៃទី ៣១ ឧសភា ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអនុញ្ញាតឲ្យប្រើប្រាស់អាវុធអាមេ រិកសម្រាប់ការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមលោក បៃដិន ពួកគេអាចប្រើដើម្បីវាយប្រហារតំបន់រុស្ស៊ីដែលមានព្រំប្រទល់តំបន់ Kharkov ប៉ុណ្ណោះ។ លោក ប៊ីនខិន មិនបានច្រានចោលនូវលទ្ធភាពនៃការពង្រីកជួរនាពេលអនាគតនោះទេ។ នៅថ្ងៃដដែលនោះ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសថា អាវុធអាល្លឺម៉ង់ អាចនឹងត្រូវប្រើប្រាស់ ដើម្បីការពារតំបន់ Kharkov ពីការវាយប្រហាររបស់រុស្ស៊ី។ បច្ចុប្បន្ន ប្រទេសលោកខាងលិច មិនមានជំហរបង្រួបបង្រួមទេ ទាក់ទងនឹងការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ដល់អ៊ុយក្រែននោះទេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ២៨ ខែឧសភាថា ការជ្រើសរើសគោលដៅ និងការចាត់ចែងការហោះហើរសម្រាប់ប្រព័ន្ធវាយប្រហារទំនើប ត្រូវបានធ្វើឡើងពីចម្ងាយ ឬដោយស្វ័យប្រវត្តិ «ដោយពុំមានវត្តមានទាហានអ៊ុយក្រែនទេ»។