ការស្ទង់មតិរបស់ស្ថាប័ន YouGov បានបង្ហាញថា ពាក់កណ្តាលនៃប្រជាជនអង់គ្លេសជឿថា លោក Keir Starmer កំពុងដោះស្រាយជាមួយកុបកម្មស្តាំនិយមជ្រុលមិនត្រឹមត្រូវ។ ការស្ទង់មតិបានរកឃើញថា ៤៩ភាគរយ មិនយល់ស្របចំពោះការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីនោះឡើយ ខណៈដែល ៣១ភាគរយ យល់ស្រប។
ស្រដៀងគ្នានេះដែរ ចំនួន ៤៣ភាគរយ គិតថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Yvette Cooper កំពុងគ្រប់គ្រងស្ថានការណ៍មិនបានល្អ ដោយមានតែ ២៣ភាគរយប៉ុណ្ណោះដែលយល់ស្រប។ ហើយមានតែ ១៤ភាគរយនៃមនុស្សពេញវ័យចំនួន ២.១១៤នាក់ ដែលត្រូវបានស្ទង់មតិ គិតថា អ្នកនយោបាយកំពុងដោះស្រាយភាពចលាចលបានល្អ។
លោក Starmer បន្ទាប់ពីបើកកិច្ចប្រជុំបន្ទាន់ បានសន្យាថា ក្រុមកុបកម្មនឹងប្រឈមជាមួយ «អំណាចច្បាប់យ៉ាងពេញលេញ»។ តែទោះជាយ៉ាងណាក្ដី លោកប្រឈមមុខនឹងការរិះគន់ពីអ្នកប្រកួតប្រជែងរបស់គណបក្សភអិភិរក្សនិយម សម្រាប់ការឆ្លើយតបយឺតយ៉ាវ។ មន្ត្រីនគរបាលជាង ៦.០០០នាក់ កំពុងត្រៀមសម្រាប់បាតុកម្ម នាពេលខាងមុខ។
មនុស្សជាង ៤០០នាក់ ត្រូវបានចាប់ខ្លួនរួចហើយ ដោយវិមាន Downing Street លើកឡើងថា វិធានការគ្រាអាសន្នដែលប្រើក្នុងអំឡុងកុបកម្មឆ្នាំ២០១១ ដើម្បីអនុញ្ញាតឲ្យតុលាការធ្វើការពេញមួយយប់ អាចត្រូវបានអនុវត្ត ដើម្បីឲ្យលំហូរនៃករណីថ្មីអាចត្រូវបានកាត់ទោស។
ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងនឹងបង្កើតកន្លែងពន្ធនាគារថ្មីចំនួន ៥០០កន្លែង ហើយព្រមានថា អ្នកធ្វើកុបកម្ម អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ ចំណែកការចោទប្រកាន់ ជុំវិញ «ការត្រួតពិនិត្យ ២ជាន់» ត្រូវបានច្រានចោលដោយរដ្ឋាភិបាល ទោះបីជាមានការរិះគន់ពីឥស្សរជន ដូចជាលោក Elon Musk ក៏ដោយ៕