ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងបេសកជនជាន់ខ្ពស់ថ្មី ប្រចាំប្រទេសគុយបា រយៈពេលជិត ៥ខែ បន្ទាប់ពីអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួន បានចាកចេញពីប្រទេសតំបន់់ការ៉ាអ៊ីបមួយនេះ ក្រោយពីបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង និងគុយបា។
នៅក្នុងសេចក្តីប្រកាសមួយប្រយោគនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា លោក Han Su-chol ត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតរបស់ប្រទេសប្រចាំនៅទីក្រុងឡាហាវ៉ាន។
លោក Han ត្រូវបានគេសន្មត់ថា ជាអនុប្រធាននាយកដ្ឋាននៃផ្នែកអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង ដែលឈ្មោះរបស់លោក បានបង្ហាញខ្លួននៅក្នុងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
កាលពីខែកុម្ភៈ ប្រទេសកូរ៉េខាងត្បូង និងគុយបា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅក្នុងការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមនុស្សជាច្រើន បានចាត់ទុកថា ជាការដោះស្រាយវិបត្តិការទូតចំពោះកូរ៉េខាងជើង ដែលបានរក្សាទំនាក់ទំនងជាបងប្អូនជាមួយប្រទេសតំបន់ការ៉ាអ៊ីប ជាយូរមកហើយនោះ។
នៅខែបន្ទាប់ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសគុយបា លោក Ma Chol-su បានចាកចេញពីប្រទេសនេះ ជាអ្វីដែលអ្នកសង្កេតការណ៍មួយចំនួន ចាត់ទុកថា ជាការបង្ហាញពីការមិនសប្បាយចិត្តរបស់កូរ៉េខាងជើងចំពោះទង្វើនេះ។
ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង បានបដិសេធមិននិយាយអំពីគុយបា នៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនឡើយ។